អបអរសាទរ🇰🇭ទីក្រុងសៀមរាបត្រូវបានជ្រើសរើសជា«ទីក្រុងវប្បធម៌អាស៊ាន»សម្រាប់ឆ្នាំ…(មានវីដេអូ)

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ យោងតាម​ការ​បញ្ជាក់​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈបានឲ្យដឹងថា៖ ទីក្រុង​សៀមរាបនៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា«ទីក្រុង​វប្បធម៌​អាស៊ាន»ក្នុង​កិច្ចប្រជុំ​លើក​ទី​៩រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​វប្បធម៌​និង​សិល្បៈ​។ ​ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ២០២១–២០២២ ​គឺ​ដោយសារ​ទីក្រុង​សៀមរាប ​គឺជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ ​សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី​និង​អរូបី ​និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ​ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​

ចាប់ពី​ឆ្នាំ​២០០៨​មក​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួលបន្ទុក​វប្បធម៌ ​និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ​ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន ​គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន​ និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ ដែល​ជា​សមាជិក​អាស៊ាន​។ ​ការជ្រើសរើស​នេះ ​មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។

ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លងមក​រួមមាន៖​

១.ទីក្រុងCebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ២០១០–២០១១

២.ទីក្រុងSingapore នៃ​ប្រទេសសិង្ហបុរី ចាប់ពី​ឆ្នាំ២០១២–២០១៣

៣.ទីក្រុងHue ​នៃ​ប្រទេស​វៀតណាម​ ចាប់ពី​ឆ្នាំ២០១៤–២០១៥

៤.ទីក្រុងBandar Seri Begawan ​នៃ​ប្រទេស​ប្រ៊ុយណេ​ ចាប់​ឆ្នាំ២០១៦–២០១៧

៥.ទីក្រុងYogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ២០១៨–២០២០៕