“សត្វប្រវឹក”ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី

សៀមរាប៖ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានឆន្ទះជាតិនិយម លោកសាងស្នាដៃក្នុងការដឹកនាំ បានល្អជាបន្តបន្ទាប់ ។ ថ្ងៃនេះទី២៧ ខែកញ្ញា លោកថ្លែងថា៖ “សត្វប្រវឹក”ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។

លោកបន្តថា៖ ឆ្លៀតពេលចុងសប្តាហ៍ នាំកូនតូចៗមកចូលរួមនិងបានឃើញ ការលែងសត្វប្រវឹកដែលត្រូវបានរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ដោយមានការចូលរួមពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។

ដោយហេតុតែបឹងឈូកមានតំបន់ព្រៃក្បាលជប់លិចទឹក ដែលតែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះមានការគ្រប់គ្រងល្អនិងប្តេជ្ញាខ្ពស់លើការងារអភិរក្សជីវៈចម្រុះ តំបន់នេះមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក៕