សូមបងប្អូនខ្មែរថែទាំសុខភាពផងព្រោះកខ្វក់ខ្យល់នៅថៃ មានកម្រិតកើនឡើងជាលំដាប់ ធ្វើឲ្យប៉ះពាល់ដល់សុខភាព

យោងតាមប្រភពព័ត៌មាន TV5HD1 ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថាអភិបាលក្រុងបាងកក បានចេញសេចក្តីប្រកាសឱ្យសាលារៀនទាំងអស់ក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ចំនួន៤៣៧កន្លែង បិទទ្វារផ្អាកការសិក្សាបណ្តោះអាសន្ន ចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលខ្យល់កខ្វក់ PM2.5 នៅក្នុងតំបន់ទីក្រុងបាងកកមានការកើនឡើងជាលំដាប់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

យោងតាមការបង្ហោះក្នុងហ្វេសប៊ុករបស់នាយកដ្ឋានគ្រប់គ្រងការបំពុលឱ្យដឹងថា គុណភាពខ្យល់ក្នុងទីក្រុងបាងកក បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ដោយមានកម្ទេចធូលីជាច្រើនដែលគេស្គាល់ឈ្មោះថា PM2.5 នៅតំបន់ចំនួន ៤១ជុំវិញទីក្រុង។ ចំណែកឯអង្គការសុខភាពពិភពលោកឱ្យដឹងដែរថា PM2.5 គឺជាភាគល្អិតនៃធូលីដែលមានទំហំតូចជាង ២,៥មីក្រូម៉ែត្រ ហើយត្រូវចាត់ទុកថាមានគ្រោះថ្នាក់បំផុតដោយសារទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងទៀត។

ដូច្នេះ សូមបងប្អូនពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយសារខ្យល់កខ្វក់ PM2.5មេត្តាថែរក្សាសុខភាពឱ្យបានល្អ និងពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។

%d bloggers like this: