Update៖ រកឃើញវិញហើយ ស្រ្តីជនជាតិវៀតណាម និងកូន ដែលរត់ចេញពីមណ្ឌលចត្តាឡីស័កខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង ដោយឥឡូវតម្រូវឱ្យធ្វើចត្តាឡីស័កសារឡើងវិញ…

(ភ្នំពេញ)៖ លោកស្រីឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែសីហាកន្លងទៅនេះ ពិតជាមានស្រ្តីជនជាតិវៀតណាមម្នាក់ និងកូនប្រុសអាយុ១៣ឆ្នាំបានរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែងមកកាន់ខេត្តកំពង់ឆ្នាំងពិតប្រាកដមែន ហើយបន្ទាប់មកត្រូវបានរកឃើញនិងតម្រូវឱ្យធ្វើចត្តាឡីស័កសារដើមឡើងវិញ។

លោកស្រីបានបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាមរូបនេះជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជាមុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែនកម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់)ហើយដោយសារ មិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទីខែសីហាឆ្នាំ២០២០។ នៅវេលាម៉ោងប្រហែលជា០៥ព្រឹក ពេលចូលដល់កម្ពុជាគាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោ.គស.ញ្ញាឬបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ។

លោកស្រីបានបន្តថា ដោយអនុវត្តវិធានការសុខាភិបាល ក្រុមគ្រូពេទ្យបានដឹកស្ត្រីនិងកូននេះ តាមរថយន្តពេទ្យមកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង។ នៅម៉ោងប្រហែលជា០០:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលស្ថានភាពរបស់គាត់ ឃើញមានសភាពធម្មតា ហើយនៅម៉ោង០៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃើញស្ត្រីរូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡើយ។ ដូច្នេះស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥:៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះទេ។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង១៨៖០០នាទីនៃថ្ងៃទី១៨ខែសីហាឆ្នាំ២០២០នេះ បានបង្ហាញថាស្ត្រីនិងកូនប្រុសខាងលើ បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត០៥ព្រឹកនៃថ្ងៃទី១៦ខែសីហាឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួលមកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង១០ព្រឹកនៃថ្ងៃដដែលនិងបានបន្តទៅភូមិប្រាសាទ ដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។

លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ទៀតថា ស្ត្រីរូបនេះក៏បានអះអាងផងដែរថា នៅផ្ទះរបស់គាត់គឺគាត់មិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកម្រិត២សាលាគំរូក្រុង ប្រហែលម៉ោង១៧:៣០នាទីនៃថ្ងៃដដែល។ ក្រុមការងារបានពិនិត្យកំដៅគាត់និងកូនគាត់ ឃើញធម្មតាគ្មា.នស.ញ្ញាក្អក,ឈឺកឬហត់ ដែលគួរឲ្យចាប់អារម្មណ៍នោះឡើយ។ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានអប់រំ និងណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន១៤ថ្ងៃ ដោយរាប់សារឡើងវិញនិងដោយមានការសន្យាថាមិនរត់ទៀតទេ។

លោកស្រីឱ វណ្ណឌីនបានបញ្ជាក់បន្ថែមទៀតថា ក្រុមការងារនិងបន្តការអនុវត្តច្បា.ប់ ដែលមានជាធរមាន ចំពោះបុគ្គលដែលមិនគោរពតាមវិ.ធានការចត្តាឡីស័កនេះ។ សូមបញ្ជាក់ជូនផងដែរថា លទ្ធផលតេស្តលើកទី១របស់គាត់និងកូនគាត់ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ គឺអ.វិជ្ជមានវី.រុសកូវីដ-១៩ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពគាត់ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត៕