អស្ចារ្យមែន! កូនខ្មែរ🇰🇭មួយរូប បានកែច្នៃយកសំណល់ប្លាស្ទិក ដែលគេបោះបង់ចោលមកផលិតជាដុំឥដ្ឋវិញ…

កូនខ្មែរមួយរូប បានកែច្នៃយកសំណល់ប្លាស្ទិក ដែលគេបោះបង់ចោលមកផលិតជាដុំឥដ្ឋវិញ។ លោក សុខធី គឺជាម្ចាស់សហគ្រាស នៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ,ក្រុងតាខ្មៅ,ខេត្តកណ្តាលលោកបានដាក់ឈ្មោះផលិតផលថាជាឥដ្ឋអេកូឬឥដ្ឋបរិស្ថាន។

លោកសុខ ធីធ្លាប់បានសិក្សាដកពិសោធន៍បច្ចេកទេសផលិតឥដ្ឋពីក្រៅប្រទេសដូចជានៅប្រទេសម៉ាឡេស៊ី,ឥណ្ឌា,ថៃ,ចិននិងហ្វីលីពីន។ បន្ទាប់មកលោកបានបង្កើតគំនិតផលិតឥដ្ឋអេកូនេះ ដោយទាញចេញពីសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០១៩កន្លងទៅនេះ។

អ្វីដែលសំខាន់នោះគឺ សហគ្រាសរបស់លោកសុខ ធីបានសហការជាមួយសាលារៀននិងអាជ្ញាធរមូលដ្ឋាន យកសំណល់ប្លាស្ទិក,ថង់ប្លាស្ទិក,កញ្ចប់មី,កញ្ចប់នំ,ទុយោជ័រ,កំប៉ុងជ័រ,ប្រអប់បាយ នៅតាមសាលារៀននិងតាមមូលដ្ឋាន ដែលសិស្សានុសិស្សនិងប្រជាសហគមន៍ បានរៀបចំទុកដាក់កាកសំណល់សំរាមពីប្លាស្ទិក ដោយឡែកពីសំរាមផ្សេងទៀត ដើម្បីយកទៅផលិតជាឥដ្ឋបរិស្ថាននេះឡើង។

អតិថិជនមួយចំនួនបានស្គាល់ឥដ្ឋអេកូរបស់លោកសុខ ធីតាមរយៈការបង្ហាញតាមពិព័រណ៍ផលិតផលនាពេលកន្លងមកហើយបានបញ្ជាទិញមានចំនួនច្រើនដោយលើកចិត្តចំពោះការគិតគូរ និងចូលរួមក្នុងការគ្រប់គ្រងបរិស្ថាន។

លោកសុខ ធីបានបង្ហាញថាម៉ាស៊ីនផលិតដែលសព្វថ្ងៃ មានត្រឹមតែ៤គ្រឿងនិងផលិដោយប្រើដោយដៃនៅឡើយ។ សហគ្រាសអាចផលិតបានត្រឹមតែ១០០ទៅ២០០ដុំតែប៉ុណ្ណោះដែលមិនទាន់តម្រូវការទីផ្សារនោះទេ។

សូមបញ្ជាក់ថា លោកសុខ ធីមានគម្រោងផលិត,សម្ភារៈសំណង់ផ្សេងទៀត ដូចជាក្បឿងនិងឥដ្ឋការ៉ូ ចេញពីសំណល់ប្លាស្ទិកដូចគ្នាជាមួយឥដ្ឋអេកូដែរ ប៉ុន្តែលោកត្រូវការទុនច្រើន និងត្រូវការទិញម៉ាស៊ីនកែច្នៃធុនធំៗ៕

រូបភាពនិងប្រភព៖ ក្រសួងបរិស្ថាន