ទីបំផុត ! បវរកញ្ញា ប៉ារ៉ាហ្កាយ ឈ្នះការប្រកួតMiss Grand International 2018

មីយ៉ាន់ម៉ា៖ ទីបំផុតកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ ឆ្នាំ២០១៨ ឬ Miss Grand International 2018 ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ទាំងស្រុងហើយ នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ។ បវរកញ្ញា ដែលគ្រងមកុដឯកសម្រាប់ឆ្នាំនេះ គឺកញ្ញា Clara Sosa មកពីប្រទេសប៉ារ៉ាហ្កាយ (Paraguay)។

បវរកញ្ញាកម្ពុជា គឺកញ្ញា​ ឌី ស្រីកា មិនបានទទួលបានចំណាត់ថ្នាក់ ក្នុងការប្រកួតណាមួយនោះឡើយ។ ជាមួយគ្នានេះការប្រកួតបវរកញ្ញប្រជាប្រិយ (Miss Popular) ចំណាត់លេខ១ បានទៅលើបវរកញ្ញមកពីប្រទេសវៀតណាម ខណៈបវរកញ្ញាមកពីប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ការប្រកួតមកុដពេលរាត្រីល្អបំផុត (The Best Evening Grown)។

ទម្រាំតែឆ្លងផុតពីវគ្គមួយទៅវគ្គមួយ មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ជោគវាសនា នៃការមានឱកាសគ្រងមកុដរបស់ «Miss Grand International 2018» ខណៈពួកគេបានឆ្លងកាត់ការប្រកួត ដោយមានបេក្ខនារីមកពីច្រើនប្រទេស។ សម្រាប់កម្ពុជា គឺពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបេក្ខនារីតំណាងជាតិរបស់ខ្លួន បានជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ។

គួរជម្រាបថា កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក ឬហៅថា «Miss Grand International» គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងគោលបំណង «បញ្ចប់សង្រ្គាម និងអំពើហិង្សា» ដែលមានជាង៩០ប្រទេស នៅលើពិភពលោក ចូលរួមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក។ សម្រាប់ឆ្នាំ២០១៨នេះ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា គឺបញ្ចប់ទាំងស្រុងនារាត្រីនេះតែម្តង។

ទោះបីជាបវរកញ្ញាកម្ពុជា តែងតែបានចំណាត់ថ្នាក់នាំមុខគេ តាមរយៈការបោះឆ្នោតលើ Facebook តែលក្ខន្តិកៈរបស់កម្មវិធី ក៏តម្រូវឲ្យគណៈកម្មាការជ្រើសរើសក្នុង វគ្គផ្តាច់ព្រ័ត្រដែរ ដែលប្រការនេះបានធ្វើឲ្យមហាគ្រួសារខ្មែរ មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាខ្មែរមិនជាប់ចំណាត់ថ្នាក់លេខ១។ ក្រៅពីនេះ បវរកញ្ញាទាំងអស់ ត្រូវឆ្លងកាត់វិញ្ញាសារការនិយាយសាធារណៈ និងត្រូវឆ្លងកាត់វិញ្ញសារច្រើនទៀត ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីគណៈកម្មការប្រកួត។

ទោះបីជាមិនបានទទួលចំណាត់ថ្នាក់យ៉ាងណាក្ដី យើងសូមចូលរួមលើកទឹកចិត្តយ៉ាងខ្ពស់ចំពោះកញ្ញា ឌី លីកា ដែលតំណាងឲ្យកម្ពុជា និងកោតសរសើរកញ្ញា ដែលមានភាពក្លាហានដោយទឹកមុខញញឹមជានិច្ច។ ជាពិសេសយើងក៏មានមោទនភាព ដែលឈុតតំណាងជាតិរបស់យើង ទទួលបានភាពលេចធ្លោលើឆាកអន្តរជាតិ សម្រាប់ឆ្នាំនេះផងដែរ៕

%d bloggers like this: