ប្រធានាធិបតីរុស្ស៊ីព្រមានអឺរ៉ុប៖ ឱ្យតែហ៊ានទទួលមីស៊ីលអាមេរិក នោះនឹងត្រូវប្រឈមមុខនឹងមីស៊ីលរុស្ស៊ីព្រមានអឺរ៉ុប៖ ឱ្យតែហ៊ានទទួលមីស៊ីលអាមេរិក នោះនឹងត្រូវប្រឈមមុខនឹងមីស៊ីលរុស្ស៊ី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថានឹងចាត់វិធានការឆ្លើយតប បើសិនជាមីស៊ីលនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយបន្ថែមនៅអឺរ៉ុប ហើយមិនតែប៉ុណ្ណោះបុរសខ្លាំងរូបនេះក៏បានព្រមានដែរថាប្រទេសអឺរ៉ុប ណាក៏ដោយឱ្យតែហ៊ានទទួលមីស៊ីលអាមេរិក នោះពួកគេនឹងត្រូវប្រឈមមុខនឹងមីស៊ីលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC​ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។​

ការព្រមានបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ សប្ដាហ៍នេះ ក្រោយជំនួបជាមួយ
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte។ ថ្លែងនាឱកាសនោះ លោក ពូទីន បានលើកឡើងដូច្នេះថា៖«ការបំផ្លាញប្រព័ន្ធ គ្រប់គ្រងអាវុធសកលគឺជារឿងគ្រោះថ្នាក់បំផុត…ដូច្នេះបើសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF នោះអ្វីដែល សំខាន់គឺថាពួកគេនឹងធ្វើអ្វីបន្តជាមួយមីស៊ីលរបស់ពួកគេ។ ពោលគឺបើពួកគេផ្គត់ផ្គង់ឱ្យបណ្ដាប្រទេសអឺរ៉ុប នោះរុស្ស៊ីនឹងចាត់វិធាន ការឆ្លើយដូចគ្នានេះ ហើយមិនតែប៉ុណ្ណោះបណ្ដាប្រទេសអឺរ៉ុបទាំងឡាយណាក៏ដោយ ឱ្យតែហ៊ានទទួលយកមីស៊ីលអាមេរិកមកដាក់ លើទឹកដីរបស់ខ្លួន នោះពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងមីស៊ីសរុស្ស៊ី»។

តែទោះជាយ៉ាងនេះក្ដី អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអះអាងថាណាតូគ្មានបំណងដាក់ពង្រាយ មីស៊ីលបន្ថែមនៅអឺរ៉ុបនោះទេ ហើយក៏មិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីនោះដែរ។ ក៏ប៉ុន្តែណាតូបានត្រៀម ខ្លួនរួចជាស្រេចដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ពីការគំរាមកំហែងនានា។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងមានភាពតានតឹងនឹងគ្នាសាជាថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដកទីក្រុងវ៉ាស៊ីនតោនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយទីក្រុងម៉ូស្គូ ដោយចោទថារុស្ស៊ីបានរំលោភ បំពានលើសន្ធិសញ្ញានេះ ខណៈអង្គការណាតូក៏យល់ដូចគ្នានេះដែរ បើទោះជារុស្ស៊ីបដិសេធជាច្រើនដងក៏ដោយ៕

%d bloggers like this: