គួរឱ្យខ្លាចណាស់! ចេះតែឈឺមុខខ្ទោកៗ ឈាមច្រមុះ ដល់ទៅពិនិត្យទើបដឹងថា…

បុរសចំណាស់ជនជាតិវៀតណាមម្នាក់ បានធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យ និងរកឃើញថា មានមេរោគសត្វដ៏គួរឲ្យខ្លាច បានសំងំខ្លួនរស់នៅក្នុងច្រមុះរបស់គាត់។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា លោកតាដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ជាអ្នករស់នៅតាមតំបន់ស្រុកស្រែចម្ការ (លើភ្នំ) ក្នុងប្រទេសវៀតណាម។

លោកតាតែងមានបញ្ហាសុខភាពមិនប្រក្រតី ពោលគឺ តែងតែត្អូញត្អែរថា មានអាការមិនស្រួលឈឺចាប់ផ្ទៃមុខខ្ទោកៗ និងឧស្សាហ៍ហូរឈាមច្រមុះ។

ដោយសារតែ អត់ទ្រាំនឹងជំងឺមួយនេះមិនបាន លោកតាក៏បានសម្រេចចិត្តទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យមើល ឬធ្វើរោគវិនិច្ឆ័យ នៅឯគ្លីនិកមួយកន្លែង ក្នុងទីក្រុង Dien Bien Phu ប្រទេសវៀតណាម។ រហូតនៅទីបំផុតក៏ស្រាប់តែរកឃើញថា មានមេរោគពពួកប៉ារ៉ាស៊ីត ដែលមានរូបរាងស្រដៀង ព្រូន ឬឈ្លើង ដ៏គួរឲ្យខ្លាចញញើត សំងំរស់នៅក្នុងច្រមុះរបស់លោកតា ។

យ៉ាងណាមិញ ក្រោយធ្វើការពិនិត្យ គ្រូពេទ្យនៅគ្លីនិកខាងលើ ឈ្មោះដុកទ័រ Tuan ក៏បានប្រញាប់ប្រញាល់ ជួយសង្គ្រោះលោកតា ដោយប្រើប្រាស់ឧបករណ៍ពេទ្យសាស្រ្តមួយចំនួន ដើម្បីជំនួយក្នុងការចាប់ទាញយកប៉ារ៉ាស៊ីត ឬពពួកព្រូនអាក្រក់នោះ ចេញពីក្នុងច្រមុះលោកតា។

ជាក់ស្តែង គេឃើញគ្រូពេទ្យខាងលើ បានប្រើប្រាស់កន្រ្តៃពេទ្យ ជាមួយនឹងឧបករណ៍អង់ដូស្កប់ រុកថតក្នុងច្រមុះ (Endoscope Camera) ដើម្បីចាប់ទាញប៉ារ៉ាស៊ីតនោះចេញ បានដោយជោគជ័យ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ក្រុមគ្រូពេទ្យក៏បានធ្វើការព្រមានដល់ប្រជាជនគ្រប់រូប ត្រូវមានអនាម័យខ្ពស់បំផុតលើការហូបចុក (ហូបស្អាត ផឹកស្អាត) ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាស្រុកស្រែចម្ការ គឺចៀសវាងការទទួលទាន ឬហូបទឹកស្រៈ ត្រពាំង -ល- ព្រោះហេតុថា ពពួកមេរោគប៉ារ៉ាស៊ីតដែលយើងមើលមិនឃើញនោះ អាចនឹងចម្លងចូលទៅសំងំរស់នៅក្នុងខ្លួនរបស់យើងបាន បង្កទៅជាបញ្ហាជំងឺផ្សេងៗ ជាក់ស្តែងដូចករណីរបស់លោកតាខាងលើនេះតែម្តង ៕

%d bloggers like this: