សាហាវមែន! ចាក់ជាង ១០០កាំបិត ព្រោះខឹងនាងសុំបែក! (មានវីដេអូ)

ចិន៖ ស្រ្តីរងគ្រោះជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ធ្ងរ និងគំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិត បន្ទាប់ពីត្រូវបានប្រុសស្នេហ៍ចិត្តកំណាច តាមទាមចាក់ជាង ១០០កាំបិត ប៉ងផ្តាច់ជីវិត ក្រោយខឹងនឹងនាងសុំបែកចែកផ្លូវ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះ Liu Shuangping អាយុ ៣៨ឆ្នាំ និងចំណែកឯមិត្តប្រុសរបស់នាង មានឈ្មោះ Zhang អាយុ ៥០ឆ្នាំ។

ជនសង្ស័យជាគូស្នេហ៍ចំណាស់ខាងលើ លោក Zhang ត្រូវបានគេរាយការណ៍ថា បានកើតចិត្តខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីរូបលោកត្រូវបាននាង Liu សុំបែកចែកផ្លូវគ្នា កាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងទីក្រុង Qinyang ខេត្ត Henan ប្រទេសចិន។

ក្រោយឈ្លោះប្រកែក សុំបែកចែកផ្លូវគ្នានេះ បានធ្វើឲ្យលោក Zhang ខឹងនឹង Liu យ៉ាងខ្លាំង ហើយនៅក្នុងថ្ងៃកើតហេតុដដែលនោះ (៣០ កញ្ញា) ម៉ោងប្រមាណជា ៨យប់ ជនសង្ស័យលោក Zhang ក៏បានកាន់កាំបិតទៅរក Liu ដល់កន្លែងធ្វើការ និងរង់ចាំឱកាសល្អមកដល់ ពោលគឺនៅពេលដែល Liu ចូលបន្ទប់ទឹក មិត្តប្រុសកំណាចនេះ ក៏បានលបលួចចូលទៅចាក់ប្រហារស្រស់ស្រីបណ្តូលចិត្ត មិនសំចៃដៃ ដេកដួលក្នុងថ្លុកឈាមតែម្តង។

បើទោះបីជាយ៉ាងណាក្តី ភ្លាមៗក្រោយកើតហេតុ ក៏មានការជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនកំណាចខាងលើនេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។ ចំណែកឯ នារីរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Jiaomei Central Hospital ក្នុងទីក្រុងផងដែរ។

វេជ្ជបណ្ឌិតឈ្មោះ Zhao Zhansheng ប្រចាំនៅមន្ទីរពេទ្យខាងលើ បានមានប្រសាសន៍ថា នារីរងគ្រោះ Liu បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រង់ក្បាល ផ្ទៃមុខ ខ្លួនប្រាណ និងដៃរបស់នាង។

«តាមការពិនិត្យមើល នាងត្រូវបានចាក់ប្រហែលជាង ១០០កាំបិត សុះពេញខ្លួន។ របួសនេះពិតជាគួរឲ្យរន្ធត់ណាស់ ហើយសូម្បីតែបុគ្គលិកពេទ្យយើង ក៏តក់ស្លុត និងភ្ញាក់ផ្អើលនូវអ្វីដែលបានកើតឡើងនេះដែរ» វេជ្ជបណ្ឌិត Zhao និយាយ។

បន្ថែមលើនេះ Liu នាងក៏បានបាត់បង់ម្រាមដៃអស់ ៣ ទៀតផង ដែលនេះគឺជារឿងដ៏ក្រៀមក្រំ និងទុក្ខសោកសៅបំផុតសម្រាប់នាង ក៏ដូចជាក្រុមគ្រួសារនាងទាំងមូល។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យលោក Zhang និងនាង Liu អ្នកទាំងពីរពុំទាន់បានរៀបការតាមផ្លូវច្បាប់ជាមួយគ្នានោះទេ។ ប៉ុន្តែអ្នកទាំងពីរបានរួមរស់នៅជាមួយគ្នា អស់រយៈពេលប្រមាណ ២០ឆ្នាំមកហើយ និងថែមទាំងបង្កើតបានកូនប្រុសម្នាក់ បច្ចុប្បន្នមានអាយុ ១៨ឆ្នាំ ៕

%d bloggers like this: