ហេតុអ្វី​បានជា​គេ​និយម​លេខ “១៦៨” ដាក់​លេខ​ហាង ទូរស័ព្ទ ឡាន​និង​អ្វី​ផ្សេងៗ​ទៀតថា​លេខ “​ហុង ស៊ុយ “?

ហេតុអ្វី​បានជា​គេ​និយម​លេខ “១៦៨” ដាក់​លេខ​ហាង ទូរស័ព្ទ ឡាន​និង​អ្វី​ផ្សេងៗ​ទៀតថា​លេខ “​ហុង ស៊ុយ “

​មាន​មនុស្ស​មិនតិច​ទេ​ជាពិសេស​ជនជាតិ​ចិន និង​អ្នក​ជាប់សែស្រឡាយ​ចិន​ដែល​ទិញ ឬ​ចង់បាន​លេខ​ទូរស័ព្ទ​ដែលមាន​លេខ​១៦៨ ទោះបីជា​តម្លៃ​វា​ថ្លៃ​ជាង​លេខ​ទូរស័ព្ទ​ផ្សេងទៀត​ច្រើន​យ៉ាងណា​ដ៏​ដោយ​។ មិនថាតែ​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប្លា​ក​យីហោ ផ្លាកលេខ​រថយន្ត ម៉ូតូ ឬក៏​របស់​ដ៏ទៃទៀត​ឲ្យ​តែមាន​លេខ​១៦៨​គឺ​សុទ្ធតែ​ត្រូវប៉ាន់ និង​ត្រូវបាន​គេ​គិត​តម្លៃ​ពិសេស​។ តើ​ហេតុអ្វី​បានជា​លេខ​១៦៨​ពេញនិយម​យ៉ាងនេះ​? តើ​វា​មាន​អ្វី​ពិសេស​ទៅ ?

​យោងតាម​ការស្រាវជ្រាវ​មួយ​បង្ហាញថា តាមពិតទៅ លេខ​នេះ​គឺមាន​ប្រភព​ដើមពី​ប្រជាជន​ចិន​ដោយសារតែ នៅពេលដែល​អាន​លេខ​នេះ​គឺមាន​សម្លេង​ស្រដៀង​នឹង​ឃ្លា​ដែល​មានន័យ​ល្អ​។ នៅក្នុង​ភាសា​ចិន លេខ​១ ត្រូវបាន​គេ​បាន​គេ​អាន​ថា “​អ៊ី​” (一)​។ រីឯ​លេខ​ប្រាំមួយ​គឺ​ត្រូវបាន​ថា “​លីវ​” (六)​ដែលមាន​សម្លេង​ស្រដៀង​នឹង “​លុ​” (路) ដែល​មានន័យថា​ផ្លូវ​។ ចំណែកឯ​លេខ ៨ វិញ​គឺជា​លេខ​ដែល​ល្អ​ជាងគេ​នៅក្នុង​សង្គម​ចិន​ដែល​ត្រូវបាន​គេ​អាន​ថា “​ប៉ា​” (八)​ដែលមាន​សម្លេង​ស្រដៀង​នឹង​ពាក្យ​ថា “​ហ្វា​” (发)​ដែល​មានន័យថា សំណាងល្អ រុងរឿង មានទ្រព្យ​សម្បត្តិ និង​រីកចម្រើន​។ សរុបទៅ លេខ​១៦៨ តំណាង​ឲ្យ​ពាក្យ “​អ៊ី​លុ​ហ្វា​” (一路发)​ដែល​មានន័យថា​ផ្លូវ​មួយ​ទៅកាន់​សំណាងល្អ រុងរឿង មានទ្រព្យ​សម្បត្តិ និង​ភាព​រីកចម្រើន​។​

​ឯ​ការបកស្រាយ​ខ្លះទៀត​ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​លេខ​១ ជន​ជាតិចិន​ចូលចិត្ត​អាន​ថា “​យ៉ាវ​” ដែល​នៅក្នុង​ភាសា​ចិន “​យ៉ាវ​” (要)​មានន័យថា ចង់បាន ឬ​ត្រូវការ​។ រីឯ​លេខ​៦​វិញ​គឺមាន​សំណៀង​ស្រដៀង​នឹង​ពាក្យ​ដែល​មានន័យថា ភាព​រីករាយ និង​សប្បាយ​។ នៅពេលដែល​ផ្គុំ​ចូលគ្នា​ទៅ​គឺ​មានន័យថា ចង់បាន​ឬ​ត្រូវការ​ភាពសម្បូរ​សប្បាយ និង​មានទ្រព្យ​សម្បត្តិ​។​

​ប៉ុន្តែ​បើ​យោងតាម​ឯកសារ​មួយ​ផ្សេងទៀត​លើ​កថា​តាម​ប្រពៃណី​ទំនៀមទម្លាប់​ចិន គេ​មាន​អ​ប៉ិ​យ​ជំនឿ​ទៅលើ​ពាក្យកាព្យ ពាក្យ​ឃ្លា​មួយចំនួន​ដែល​អាច​នាំអោយ​គេ​នូវ​ភាព​ចំរុង​ចំ​រឿន រឺ​ភាព​វិនាស ។ ក៏​ដូចគ្នា លេខ «168» ដែល​អាន​ជា​ភាសា​ចិន​ទូទៅ (​កុក​ងឺ​)​ថា «​អ៊ី លាវ ប៉ាក​» ត្រូវ​គ្នា​នឹង​ភាសា​ចិន​កា​តាំង «​យ៉ា​ត់ ឡរ ប៉ាត់​» «一六八» មាន​សំឡេង​ស្រដៀង​ទៅនឹង​ពាក្យ​មួយ​ឃ្លា​ថា «一路發» ដែល​អាន​ថា «​យ៉ា​ត់ ឡូ​វ ហ្វា​ត់​» មានន័យថា «​ផ្លូវ​នាំទៅ​កាន់​ភ័ព្វ​ទ្រព្យ​» ។​

​ក្រៅពីនោះ​នៅមាន​ជំនឿ​ទៅលើ​លេខ​មួយចំនួនទៀត ដែល​នាំមក​នូវ​សំណាងល្អ ដូចគ្នា រួមមាន «768», «9», «8»… ។ លេខ​ដែល​នាំមក​នូវ​សំណាងអាក្រក់​ជាងគេ​គឺ «9413» ដែល​អាន​ថា «​ជីវ សឺ អ៊ី សាន​» ដែលមាន​សំលេង​អំ​ណាន​ស្រដៀង​ទៅនឹង​ឃ្លា «九死一生» ដែល​មានន័យថា «​ដប់​រស់​តែមួយ ស្លាប់​ប្រាំបួន​», បន្ទាប់មក​តាម​ដោយ​លេខ «4 – 四» ដែល​អាន​ទៅ​ស្រដៀង​ទៅនឹង​ពាក្យ​ថា «​ស្លាប់​» ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​នេះ​គ្រាន់​ជាការ​សន្ម​ត់​តាម សូរសំលេង​ភាសា​ចិន​តែប៉ុណ្ណោះ ៕

%d bloggers like this: