ជើងខ្លាំងពូកែខាងក្លែងបន្លំឯកសារក្លែងក្លាយ ពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី) ត្រូវបានឃាត់ខ្លួន!

ភ្នំពេញ៖ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនទាក់ទងនឹងការលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដឈៀក និងកាតគ្រី)និងក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត-សាវឿន អគ្គស្នងការនគរបាលជាតិនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកការស្រាវជ្រាវនិងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯកជា-ពៅ ប្រធាននាយកដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោកសាយ-ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះប៊ុនម៉ារ៉ាឌីហៅពៅ អាយុ៣៣ឆ្នាំបានសារភាពថាខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួងសាធារណៈការមានដូចជា លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មប័ណ្ណសម្គាល់យានយន្ដ(កាតគ្រី)លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឈៀក)ពន្ធផ្លូវប្រចាំឆ្នាំនិងឯកសារពាក់ព័ន្ធរថយន្ដមួយចំនួនទៀត។ តាំងពីឆ្នាំ២០១៧មកជនសង្ស័យមិនត្រឹមតែធ្វើឈៀកនិងកាតគ្រីក្លែងក្លាយនោះទេថែមទាំងបង្កើតគេហទំព័រក្លែងក្លាយមួយដើម្បីផ្ទុកទិន្នន័យសម្រាប់ស្គែនតាមQRCodeដែលមាននៅលើឯកសារក្លែងក្លាយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន៕





ប្រភពអត្ថបទ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា