ត្រៀមខ្លួនហើយឫនៅ? នៅថ្ងៃទី២១ធ្នូ ឈ្មោះបេក្ខជនប្រលងចូលវគ្គនាយទាហានឆ្នាំ២០១៩ នឹងត្រូវបិទតាមមណ្ឌលប្រឡង…

ភ្នំពេញ៖​ គណ:កម្មការជ្រើសរើសនិងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុងនិងក្រៅប្រទេស បានជូនដំណឹងដល់បេក្ខជននិងបេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលវគ្គនាយទាហានសកម្មជំនាន់ទី២៨.វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១២.វគ្គនាយទាហានបន្តវេនជំនាន់ទី១៣និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា ត្រូវមកពិនិត្យឈ្មោះនិងទីកន្លែងប្រឡង នៅតាមមណ្ឌលប្រឡងដែលបានដាក់ពាក្យប្រឡងនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩។

​យោងតាមសេចក្តីជូនដំណឹងរបស់គណ:កម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុងនិងក្រៅប្រទេស បានបង្ហាញថា មណ្ឌលប្រឡងនឹងត្រូវបែងចែកជា៦ដូចជា៖

១.មណ្ឌលប្រឡងរាជធានីភ្នំពេញ
-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេសនៅវិទ្យាល័យបាក់ទូក និងសាលាបឋមសិក្សាបាក់ទូក
រាជធានីភ្នំពេញ។

២.មណ្ឌលប្រឡងយោធភូមិភាគទី១
-ការប្រឡងចំណេះដឹងទូទៅនិងភាសាបរទេសនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងខេត្តស្ទឹងត្រែង។

៣.មណ្ឌលប្រឡងយោធភូមិភាគទី២
-ការប្រឡងចំណេះដឹងទូទៅនិងភាសាបរទេសនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។

៤.មណ្ឌលប្រឡងយោធភូមិភាគទី៣
-ការប្រឡងចំណេះដឹងទូទៅនិងភាសាបរទេសនៅវិទ្យាល័យជាស៊ីមតាកែវខេត្តតាកែវ ។

៥.មណ្ឌលប្រឡងយោធភូមិភាគទី៤
-ការប្រឡងចំណេះដឹងទូទៅនិងភាសាបរទេសនៅវិទ្យាល័យអង្គរខេត្តសៀមរាប។

៦.មណ្ឌលប្រឡងយោធភូមិភាគទី៥
-ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។

ដែលក្នុងនោះថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩ឈ្មោះបេក្ខជន បេក្ខនារីនឹងត្រូវបិទនៅតាមមណ្ឌលប្រឡង។ ដោយថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៧និង០០នាទី ដល់ម៉ោង ១១និង៣០នាទីប្រឡងចំណេះដឹងទូទៅនិងភាសាបរទេស។ ដោយឡែកការប្រឡងវិញ្ញាសាកាយសម្បទានឹងប្រព្រឹត្តិទៅនៅតាមមណ្ឌលប្រឡងនីមួយៗ ប៉ុន្តែចំពោះពេលវេលា គណៈកម្មការប្រឡងតាមមណ្ឌលនីមួយៗនិងជូនព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយ៕