ផ្ទុះម៉ីនតោនកក្រើកដី បណ្តាលឲ្យបុរសបើកបរត្រាក់ទ័រម្នាក់រងរបួសធ្ងន់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង៣០នាទីនៅចំណុចខាងត្បូងភ្នំហេងដានស្ថិតក្នុងភូមិហុងទឹក,ឃុំបារាំងធ្លាក់,ស្រុកភ្នំព្រឹក,ខេត្តបាត់ដំបង ក្នុងពេលដែលឈ្មោះ គ្រី ប្រុស,ភេទប្រុស,អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី,ឃុំបារាំងធ្លាក់,ស្រុកភ្នំព្រឹក,ខេត្តបាត់ដំបងបើកបរត្រាក់ទ័រភ្ជួរដីចំការដើម្បីបង្កបង្កើនផលបន្ទាប់ពីដីនោះបានធ្វើការប្រមូលផលពោតរួចរាល់នាពេលថ្មីៗកន្លងទៅក៏ស្រាប់តែកង់ត្រាក់ទ័ររបស់គាត់បានជាន់លើគ្រាប់ម៉ីនតោនមួយគ្រាប់ដែលបង្កប់នៅក្នុងដីបណ្តាលឲ្យផ្ទុះឡើងកក្រើកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅទីនោះ។ក្នុងឧប្បត្តិហេតុនេះបានបណ្តាលឲ្យជនរងគ្រោះឈ្មោះ គ្រី ប្រុស ទទួលរងរបួសធ្ងន់ធ្ងរត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនរីឯត្រាក់ទ័រដែលកំពុងភ្ជួរនោះបានទទួលរងការខូចខាតទាំងស្រុង។


លោកវរសេនីយ៍ទោសារ៉េត វិសេដ្ឋ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថាដីចំការដែលកើតឧប្បតិ្តហេតុនាពេលនេះត្រូវបានម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កប ង្កើនផលជារៀងរាល់ឆ្នាំប៉ុន្តែពេលមុនៗមិនមានបញ្ហាអ្វីនោះទេទើបក្នុងថ្ងៃនេះការភ្ជួរដីរបស់គាត់បានប៉ះចំគ្រាប់ម៉ីនតោនដែលបង្កប់នៅក្នុងដីនិងបណ្តាលឲ្យកើតមាននូវឧប្បត្តិហេតុបែបនេះ។ សូមជម្រាបជូនថាក្នុងភូមិសាស្រ្តស្រុកនៅតាមតំបន់ព្រំដែនរហូតមកដល់ពេលនេះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅសេសសល់រាយប៉ាយទាំងក្នុងដីនិងនៅលើដីនៅឡើយដែលយុទ្ធភ័ណ្ឌទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ ហើយជារឿយៗយុទ្ធភ័ណ្ឌទាំងនេះតែងតែបង្កនូវមហន្តរាយដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បតិ្តនៅទីនោះ៕