ដឹងអត់ ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ?

ដោយសារការប្រើប្រាស់បច្ចេកវិទ្យា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical clock ក៏ត្រូវបានបង្កើតឡើង។ ការបង្កើតនាឡិកាជួយឲ្យមនុស្សកាន់តែមានភាពងាយស្រួលជាងមុន ដោយមិនចាំបាច់ត្រូវទៅមើលព្រះអាទិត្យដើម្បីដឹងពីពេលវេលាទៀតនោះទេ ព្រោះនាឡិកាមានទ្រនិចដែលជាអ្នកចង្អុលបង្ហាញពេលវេលាឲ្យយើងស្រាប់។ មិនថានាឡិកាប្រភេទដាក់ជាប់ជញ្ជាំង នាឡិកាដៃ ឬ នាឡិកាប្រភេទផ្សេងៗ ជាធម្មតា ទ្រនិចនាឡិកាតែងវិលពីឆ្វេងទៅស្ដាំ។ អ្នកធ្លាប់ដែលឆ្ងល់ ឬអត់ថា ហេតុអ្វីបានជាទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? ហេតុអ្វីបានជាវាមិនវិលពីស្ដាំទៅឆ្វេងវិញទៅ?

គួររំ៎ឮកថា នាឡិកាមេកានិច ឬ ជាភាសាអង់គ្លេសថា Mechanical Clock ត្រូវបានបង្កើតឡើងក្នុងអំឡុង ឆ្នាំ ១២៧១ ដែលត្រូវនឹងចុងសតវត្សទី ១៣ បើតាមលោក Lynn Thorndike (1943) បានលើកឡើងក្នុងអត្ថបទ Invention of The Mechanical Clock about 1271 A.D.។

ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីទ្រនិចនាឡិកាវិលពីឆ្វេងទៅស្ដាំ? មានការលើកឡើងតៗគ្នាជាច្រើនថា នាឡិកាមេកានិច គឺត្រូវបានបង្កើតឡើងនៅអឌ្ឍគោលខាងជើង ហើយនៅអឌ្ឍគោលខាងជើង ព្រះអាទិត្យផ្លាស់ទីលើមេឃពីឆ្វេងទៅស្តាំ ដូច្នេះអ្នកបង្កើតចង់ឲ្យឧបករណ៍នេះដើរតាមចលនារបស់ព្រះអាទិត្យ ទើបទ្រនិចរបស់នាឡិកាត្រូវបានធ្វើឡើងដើម្បីធ្វើតាមចលនារបស់ព្រះអាទិត្យ គឺពីឆ្វេងទៅស្តាំ ឬ អ្វីដែលត្រូវបានគេស្គាល់ជាទូទៅថាមុំនាឡិកា ឬ ជាភាសាអង់គ្លេសថា Clockwise។

មួយវិញទៀត តាមអត្ថបទ In-Depth: Why Clocks Run Clockwise (And Some Watches And Some Clocks That Don’t) ដែលដកស្រង់ចេញពីគេហទំព័ររបស់ទស្សនាវដ្ដី Hodinkee បានលើកឡើងថា ប្រសិនបើយើងស្ថិតនៅអឌ្ឍគោលខាងជើង ហើយឈរនៅមុខផ្លូវរបស់ព្រះអាទិត្យនៅលើមេឃ យើងនឹងឃើញដំណើររបស់វាដើរតាមទិសរបស់មុំនាឡិកា ឬ ជាភាសាអង់គ្លេសថា clockwise។ ហើយពេលយើងដាក់ នាឡិកាព្រះអាទិត្យ ឬ ជាភាសាអង់គ្លេសថា Sundial នៅពីក្រោមពន្លឺព្រះអាទិត្យ ពេលដែលពន្លឺព្រះអាទិត្យជះចំឧបករណ៍នោះ យើងនឹងឃើញស្រមោលទ្រនិចរបស់នាឡិកាព្រះអាទិត្យនោះដើរតាមទិសដូចមុំនាឡិកា។ ដូច្នេះទើបគេគិតថា នាឡិកាដែលគេបង្កើតមុនដំបូង គឺធ្វើតាមចលនាជាក់ស្ដែងរបស់ព្រះអាទិត្យ (the apparent motion of the sun) និងទិសរបស់ព្រួញចង្អុលបង្ហាញនៃនាឡិកាព្រះអាទិត្យ។

ការលើកឡើងរបស់ទស្សនាវដ្ដី Hodinkee នេះមិនបានបញ្ជាក់ថាវាត្រឹមត្រូវ ១០០% ទេ ប៉ុន្តែគេជឿជាក់ថា វាជាហេតុផលដ៏សមស្របមួយដែលអាចបញ្ជាក់ថា នាឡិកាដែលយើងប្រើប្រាស់សព្វថ្ងៃ ទ្រនិចរបស់វាមានទិសដៅដូចទ្រនិចរបស់នាឡិកាព្រះអាទិត្យ ឬ sundial នេះឯង។

%d bloggers like this: