បទល្មើសជួញដូរចែកចាយគ្រឿងញៀនរាលដាលកាន់តែខ្លាំងក្លានៅក្នុងក្រុងសៀមរាប

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ត្រូវមជ្ឈដ្ឋាននានារិះគន់ថាមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀននិងល្បែងស៊ីសងជាច្រើនករណីក្នុងមួយខែៗ ប៉ុន្តែជាក់ស្ដែងបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសងក្នុងខេត្តសៀមរាប មិនទាន់មានការថយចុះនៅឡើយទេ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភកាន់តែខ្លាំងចំពោះបញ្ហាអសន្តិសុខក្នុងក្រុងសៀមរាប ព្រោះអំពើចោរកម្មលួចប្លន់ ក៏កំពុងកើតឡើងយ៉ាងរាលដាលផងដែរដោយសារការបង្ក្រាបរបស់សមត្ថកិច្ចគ្មានប្រសិទ្ធភាព។

កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន៥នាក់និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម(៧៥៣,១០ក្រាម) នៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណាត់ការរបស់សមត្ថកិច្ចអាវុធហត្ថក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីនោះបានធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងខណៈដែលបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនក្នុងក្រុងសៀមរាប នៅតែបន្តកើតឡើងយ៉ាងរាលដាលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការពង្រឹងសន្តិសុខសង្គមនៅក្នុងខេត្តសៀមរាប ជាបន្ទាន់ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត។

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានទទួលស្គាល់ថាចាប់តាំងពីលោក ទិត្យ ណារ៉ុង ឡើងកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប រួចមកគឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្ម ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀនពុំមានការថយចុះគួរឲ្យកត់សម្គាល់ឡើយ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋបានរិះគន់ថា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាគណៈបញ្ជាការឯកភាពខេត្តសៀមរាប មិនសូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងសន្តិសុខសង្គមផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសឡើយ។ ហេតុនេះហើយទើបបទល្មើសគ្រឿងញៀន អំពើចោរកម្ម និងល្បែងស៊ីសងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងក្រុងសៀមរាប និងបណ្ដាស្រុកមួយចំនួនទៀត ហើយបទល្មើសនេសាទនិងបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប ក៏នៅតែកើតឡើងយ៉ាងពេញបន្ទុកផងដែរ៕

%d bloggers like this: