សូមប្រុងប្រយត្ន័ទាំងអស់គ្នា ! ទុស្សេចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅស្រុកបាទី

តាកែវ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយជះទឹកពន្លត់ តែមិនអាចគ្រប់គ្រងបាននោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិខ្នារធំ,ឃុំពារាម,ស្រុកបាទី,ខេត្តតាកែវ ។សមត្ថកិច្ចបានបញ្ជាក់ថាអគ្គិភ័យបានឆេះផ្ទះដែលមានម្ចាស់ផ្ទះឈ្មោះ ឌី អុក ភេទប្រុស,អាយុ១៩ឆ្នាំ,មុខរបរកសិករស្នាក់នៅផ្ទះកើតហេតុ។


ជាក់ស្តែងអគ្គិភ័យបានឆេះបំផ្លាញផ្ទះដែលមានទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ,ស្រូវ,ទូរទស្សន៍,គ្រែប្រអប់,ប្លង់ដី រួមនិងឯកសារមួយចំនួនទៀត ភ្លាមៗបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ឡានទឹកអស់១គ្រឿងទើបរលត់ទៅវិញជាស្ថាពរ។ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបណ្តាលមកពីទុស្សេខ្សែភ្លើង ៕