នគរបាលគ្រោងនឹងតាមផាកពិន័យដល់ផ្ទះចំពោះអ្នកបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ​តាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមស្តុប

(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ពីផែនការ របស់នគរបាលជាតិ ក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលបានបំពាក់តាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញដើម្បីពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍និងចតល្មើសច្បាប់ជាដើម។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែនារសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។លោកបានលើកឡើងយ៉ាងដូច្នេះថា«ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អហើយនៅភ្នំពេញនឹងឈានដល់ការពិន័យតាមរយៈការប្រើប្រាស់កាមេរ៉ានេះចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវនិងចតខុសគឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបាន[ស្លាកលេខរថយន្ត]ស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ»។


ជាមួយគ្នានេះ លោកក៏បានព្រមានផ្សាយរិះគន់តាម Facebookចំពោះអ្នកដែលទទួលពិន័យការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ជាដើម ដែលការធ្វើបែបនេះដើម្បីពញាក់ស្មារតីឲ្យអ្នកប្រព្រឹត្តកំហុសនោះឲ្យចេះខ្មាសអៀននិងកែទម្លាប់មកចេះគោរពច្បាប់។

យ៉ាងណាក៏ដោយគេនៅបារម្ភថាផែនការរបស់នគរបាលនេះអាចនឹងពិបាកទទួលបានជោគជ័យ ដោយសារតែនៅពេលបច្ចុប្បន្ននេះ មានរថយន្តមួយចំនួនធំ ដែលចរាចរណ៍តាមដងផ្លូវ មិនទាន់បានកាត់ឈ្មោះពីម្ចាស់ដើម មកអ្នកកាន់កាប់ផ្ទាល់ត្រឹមត្រូវនៅឡើយ ឬរថយន្តខ្លះមានអាស័យដ្ឋានមិនច្បាស់លាស់ ដែលជាហេតុនៅពេលនគរបាលធ្វើការផាកពិន័យតាមស្លាកលេខរថយន្តមិនចំអ្នកប្រព្រឹត្តបែបជាចំម្ចាស់ដើមដែលមិនបានដឹងអីទៅវិញ៕


%d bloggers like this: