គ្រឿងក្នុងជ្រូកខុសច្បាប់ជាង ១តោន នាំចូលពីប្រទេសថៃមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន…

បន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកដែលមានទម្ងន់១,០៩៤គីឡូក្រាមនាំចូលពីប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបរថយន្តក្រុង១គ្រឿងរបស់ក្រុមហ៊ុនឫទ្ធិមុនី។ ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ នៅបេនឡានចាស់ក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣,សង្កាត់ព្រះពន្លា,ក្រុងសិរីសោភ័ណ,ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកស្នងការរដ្ឋានគនរបាលខេត្តដើម្បីសាកសួរបន្ត។បើតាមលោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យលួចដឹកគ្រឿងក្នុងជ្រូកមានឈ្មោះ សូត្រ សុគន្ធ អាយុ៣៦ឆ្នាំ,រស់នៅភូមិមិត្តភាព,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោប៉ែត,ខេត្តបន្ទាយមានជ័យ។


លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងទៀតថា ក្រោយពីឃាត់រថយន្តនោះបានហើយលុះនៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញបានឆែកឆេរក្នុងរថយន្តបានរកឃើញគ្រឿងក្នុងជ្រូកមានចំនួន១៦កេសរួមមាន៖ ក្រពះ,អណ្តាត,ត្រចៀក,ពោះធំ,ពោះវៀនធំ,ឆ្អឹងជំនី,បេះដូងនិងក្រលៀនសរុប ១,០៩៤គីឡូក្រាម គ្រឿងក្នុងជ្រូកទាំងអស់នេះជនសង្ស័យបានលួចទិញពីជនជាតិថៃម្នាក់ពីផ្សាររុងគ្លឿ ហើយដឹកតាមរថយន្តយកទៅលក់នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ គ្រឿងក្នុងជ្រូកទាំងអស់នេះគ្មានសំបុត្រអនុញ្ញាតចេញពីមន្ត្រីជំនាញនោះទេគឺទិញក្នុង១គីឡូក្រាម តម្លៃ៣០បាត ហើយការជួញដូរគ្រឿងក្នុងជ្រូកនេះមានរយៈពេល២ខែកន្លងមកហើយ។

លោក ចាប សុផាឬទ្ធិ បានបញ្ជាក់ថាក្រោយពីកម្លាំងជំនាញធ្វើការត្រួតពិនិត្យរួចរាល់ហើយគ្រឿងក្នុងជ្រូកទាំងអស់ត្រូវបានកម្លាំងជំនាញ ដឹកយកទៅដុតកម្ទេចចោលចំណែករថយន្តក្រុងនិងជនសង្ស័យលួចដឹកគ្រឿងក្នុងជ្រូកដោយគ្មានកាអនុញ្ញាតនោះត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធិច្បាប់៕

%d bloggers like this: