មហាហេងត្រូវម្ដងទាំង២នាក់! ពលករខ្មែរពីរនាក់ប្តីប្រពន្ធបានក្លាយជាសេដ្ឋីភ្លាមៗ ក្រោយត្រូវរង្វាន់ធំចំនួន២សន្លឹកពីឆ្នោតជាតិរបស់ថៃគិតជាទឹកប្រាក់ចំនួន១២លានបាត…

ប្រទេសថៃ៖ នេះទើបពិតជាសំណាងធំដែលពលករខ្មែរពីរនាក់ប្តីប្រពន្ធបានក្លាយជាសេដ្ឋីភ្លាមៗនាថ្ងៃឆ្នោតជាតិរបស់ថៃចេញដោយសារតែពួកគេទាំង២នាក់ បានត្រូវរង្វាន់ធំចំនួន២សន្លឹកគិតជាទឹកប្រាក់ចំនួន១២លានបាតរហូតធ្វើអោយពួកគេញញឹមញញែមបិទមាត់មិនជិត។ យោងតាមការផ្សាយរបស់កាសែតថៃ(ថៃរ៉ាត់)បានបញ្ជាក់ថាកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៤និង៥៥នាទីគេសង្គេតឃើញមានពលករខ្មែរចំនួន២នាក់(ប្តីប្រពន្ធ)ដែលមុខងារជាកម្មករសំណង់ធ្វើការនៅក្នុងទីក្រុងបាងកកបានធ្វើដំណើរចូលទៅកាន់ស្នាក់ការឆ្នោតជាតិថៃប្រចាំទីក្រុងបាងកក ប្រកបដោយទឹកមុខញញឹមរីករាយឥតឧបមា។

កាសែតបានបន្តថាក្រោយពីបានសាកសួរបុរសជាស្វាមីឈ្មោះ ដា សុផល្លាអាយុ៤០ឆ្នាំបាននិយាយថាពួកគេបានត្រូវឆ្នោតជាតិរង្វាន់ទី១គឺជារង្វាន់ធំ ដែលមានទឹកប្រាក់ចំនួន៦លានបាតគឺពួកគេត្រូវ២សន្លឹកស្មើនឹង១២លានបាតទើបគេធ្វើដំណើរមកចុះហត្ថលេខានិងថតរូបទុកជាភស្តុតាង នៅក្នុងក្រុមហ៊ុនដើម្បីការពារសុវត្ថិភាពរបស់ពួកគេផងដែរ។

លោកដា សុផល្លាបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានបន្តថានៅមុនថ្ងៃទី១មួយថ្ងៃដែលជាថ្ងៃឆ្នោតជាតិរបស់ប្រទេសថៃចេញលទ្ធផល គេប្រពន្ធរបស់គេបានយល់សប្តិ៍ឃើញ​ឪពុកមាដែលបច្ចុប្បន្នកំពុងបួសជាសង្ឃនៅឯស្រុកខ្មែរ ដែល​ឪពុកមារូបនោះមានព្រះជន្ម៥៤ព្រះវស្សា ស្របពេលដែលមានអ្នកស្គាល់គ្នាមកលក់ឆ្នោតជាតិដល់កន្លែងសម្រាកផង ទើបពួកគេបានជារើសរើសយកសន្លឹកឆ្នោតដែលមានក្បាល៥៤និងផ្ទុយវិញគឺលេខ៤៥ ។

ទីបំផុតនៅរសៀលថ្ងៃទី១ខែធ្នូ ក្រោយពីលទ្ធផលឆ្នោតត្រូវបានផ្សព្វផ្សាយទើបពួកគេដឹងថាត្រូវចំទៅលើរង្វាន់ទី១ចំនួន២សន្លឹកស្មើនឹងទឹកប្រាក់ចំនួន១២លានបាត ។ ដោយបុរសជាស្វាមីបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងយកប្រាក់ទាំងនេះទៅសាងសង់លំនៅដ្ឋានមួយខ្នងនៅស្រកខ្មែរគឺនៅស្រុកកំណើតនិងយកប្រាក់មួយផ្នែកទៅធ្វើបុណ្យនៅឯស្រុកផងដែរ ដោយឡែកចំពោះការងារនៅក្នុងប្រទេសថៃគឺលោកមិនបោះបង់នោះទេ លោកនៅតែបន្តការងារដដែល៕ ប្រភព៖ ThmeyNews

%d bloggers like this: