មោទនភាពជាតិខ្មែរ! អបអរសាទរផង!! ថ្ងៃនេះអត្តពលិកកម្ពុជាប្រភេទកីឡាគុនល្បុក្កតោកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ២គ្រាដែលកីឡាករ យ៉ុង ម៉េងលីឡើងវគ្គផ្ដាច់ព្រ័ត្រ…

ហ្វេសបុក៖ ពិតជាអស្ចារ្យខ្លាំងណាស់ក្រុមអត្តពលិកកម្ពុជាបានទទួលមេដាយលើកដំបូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games)លើកទី៣០ នៅហ្វីលីពីនហើយ នៅថ្ងៃទី០១ខែធ្នូនេះដោយដណ្ដើមបានលើប្រភេទកីឡាគុនល្បុក្កតោរួមមានមេដាយសំរឹទ្ធ២គ្រឿង ហើយបានកក់មេដាយប្រាក់១ផងដែរបន្ទាប់ពីកីឡាករ យ៉ុង ម៉េងឡើងវគ្គផ្ដាច់ព្រ័ត្រ។

ជាមួយការចូលរួមប្រកួតលើវិញ្ញាសាArnisនៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគុនល្បុក្កតោកម្ពុជាបានទទួលមេដាយជាបន្ដបន្ទាប់ក្នុងនោះកីឡាករ មឿន ប៊ុនលី បានឈ្នះមេដាយសំរឹទ្ធ១ក្រោយប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីនMike C.Banares ក្នុងប្រភេទទម្ងន់លើ៦៥គីឡូក្រាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯកីឡាករសុខ ឈុនក៏ទទួលបានត្រឹមមេដាយសំរឹទ្ធដែរក្រោយចាញ់កីឡាករវៀតណាម ក្នុងប្រភេទទម្ងន់លើ៥៥គីឡូក្រាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

អ្វីដែលគួរឲ្យរីករាយសម្រាប់គុនល្បុក្កតោកម្ពុជាដែលចូលរួមប្រកួតស៊ីហ្គេមលើកដំបូងនេះគឺកីឡាករ យ៉ុង ម៉េងលី បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយមាសបន្ទាប់ពីរូបគេ ឮបានប្រកួតឈ្នះកីឡាករមីយ៉ាន់ម៉ាThet Naing Oo ក្នុងប្រភេទទម្ងន់លើ៦០គីឡូក្រាម។ ដូច្នេះមានន័យថាម៉េងលីកំពុងកាន់មេដាយប្រាក់ក្នុងដៃតែបើគេឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលនេះជើងខ្លាំងគុនល្បុក្កតោកម្ពុជារូបនេះនឹងទទួលបានមេដាយមាសតែម្ដង។

គួរបញ្ជាក់ថាថ្ងៃនេះអត្តពលិកកម្ពុជា៧ប្រភេទកីឡាបានធ្វើការប្រកួតលក្ខណៈទ្រង់ទ្រាយធំលើកដំបូង រួមមានកីឡាបាល់ទះឆ្នេរខ្សាច់,កីឡាវាយសី,កីឡាកាយសម្ព័ន្ធ,កីឡាសីប៉ាក់តាក្រ,កីឡារាំ,គុនល្បុក្កតោ(Arnis)និងកីឡាបាល់បោះ៣X៣។ ប៉ុន្ដែក្នុងនោះមាន២ប្រភេទកីឡាដែលត្រូវប្រកួតកំណត់លទ្ធផលមេដាយក្នុងថ្ងៃនេះគឺកីឡាគុនល្បុក្កតោនិងកីឡារាំ(ប្រកួតពេលរសៀល) ខណៈកីឡាផ្សេងទៀតគឺជាការប្រកួតជម្រុះនៅឡើយ៕ ប្រភពពី៖ Fresh News


%d bloggers like this: