ផ្លែឈើទាំងនេះ អាចជួយឲ្យមានសុខភាពល្អ និងមាំមួន

ការញ៉ាំផ្លែឈើគឺជារឿងសំខាន់មួយចំពោះសុខភាព ដូច្នេះអ្នកគួរតែព្យាយាមញ៉ាំផ្លែឈើឲ្យបានច្រើន ប៉ុន្តែក៏ត្រូវចេះជ្រើសរើសផ្លែឈើណាដែលមានប្រយោជន៍ខ្លាំងដល់អ្នក ហើយនេះជាអត្ថប្រយោជន៍នៃផ្លែឈើ ៦ មុខដែលអ្នកគួរតែចាប់ផ្ដើមញ៉ាំ ៖

១. ផ្លែចេក ៖ វាមានសារសំខាន់ដល់សុខភាពណាស់ ជាពិសេសគឺចំពោះកុមារដែលអាចការពារពីជំងឺហឺតដោយសារតែវាមានប៉ូតាស្យូមខ្ពស់។ វាអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកឈាមចំពោះកុមារ ហើយ ចេកថែមទាំងមានវីតាមីន C ដែលអាចការពារជំងឺមហារីកពោះវៀនធំទៀតផង។

២. ផ្លែប៉ោម ៖ វាជួយបង្កើនភាពស៊ាំឲ្យរាងកាយដែលប្រឆាំងនឹងជំងឺផ្សេងៗ ហើយថែមទាំងការពារមិនឲ្យមានជំងឺសរសៃប្រសាទ និង បេះដូង។ ម្យ៉ាងទៀតវាកាត់បន្ថយជាតិកូឡេស្តេរ៉ុល ដែលធ្វើឲ្យសរសៃឈាមរត់បានស្រួលផងដែរ។

៣. ផ្លែស្វាយ ៖ ស្វាយមានជាតិកាល់ស្យូមនិងវីតាមីន K ដែលជួយធ្វើឲ្យឆ្អឹងរឹងមាំ ការពារការបាក់ឆ្អឹង និង ជួយដល់សុខភាពឆ្អឹងឲ្យកាន់តែល្អប្រសើរ។ វាមានជាតិទឹកខ្ពស់និងជាតិ Fiber ដែលអាចជួយការពារការទល់លាមក។ មិនតែប៉ុណ្ណោះ វាមានវីតាមីន A ដែលទទួលខុសត្រូវសម្រាប់ការផលិតខ្លាញ់ដើម្បីឲ្យសក់នៅតែមានសំណើមនិងមើលទៅមានសុខភាពល្អ។

៤. ផ្លែដូង ៖ វាជួយយើងប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូងហើយ កាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ។ ប្រេងនៅក្នុងដូងគឺបង្កើនការរំលាយអាហារ និងជួយប្រឆាំងនឹងជំងឺដូចជាដាច់សរសៃឈាមខួរក្បាល។

៥. ផ្លែម្នាស់ ៖ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និង មានវីតាមីន C ដែលជួយឲ្យរាងកាយរបស់យើងប្រយុទ្ធប្រឆាំងនឹងការកកើតកោសិកាមហារីក និង សម្រួលដល់ការធ្វើការនៃបេះដូង។ វាសម្រួលដល់ ការទល់លាមក និងការរំលាយអាហារឲ្យកាន់តែប្រសើរឡើង។

៦. ត្រសក់ ៖ វីតាមីន B ដែលមានក្នុងផ្លែត្រសក់ជួយបំបាត់ភាពថប់បារម្ភនិងស្មុគស្មាញ។ ម្យ៉ាងទៀតវាអាចប្រឆាំងនឹងការរលាកក្នុងរាងកាយផងដែរ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺវាអាចកាត់បន្ថយការឈឺចាប់ពេលដែលអ្នកឈឺធ្មេញបានដោយគ្រាន់តែចិតវាមួផ្នែកដាក់ចំកន្លែងដែលឈឺទៅ

ដូច្នេះហើយគួរតែព្យាយាមញ៉ាំផ្លែឈើទាំងនេះឲ្យបានច្រើនស្របតាមតម្រូវការរាងកាយអ្នក៕

%d bloggers like this: