ផ្អើលបន្ទាយមានជ័យ ! បង្ក្រាបសំបុកល្បែងអនឡាញមួយកន្លែងនៅប៉ោយប៉ែតឃាត់ខ្លួនជនបរទេសនិងខ្មែរជាង២០០នាក់

ខេត្តបន្ទាយមានជ័យ៖ ទីតាំងសំបុកល្បែងអនឡាញមួយកន្លែងស្ថិតនៅក្នុងប្លុកកាសីណូនៃក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ធ្វើការបង្ក្រាបកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ ដោយឃាត់ខ្លួនបានជនបរទេសប្រុសស្រីនិងខ្មែរជាង២០០នាក់។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងចម្រុះដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍​ កែវ​ វណ្ណថន​ អគ្គនាយករងអន្តោប្រវេសន៍និងរូបលោកសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកដោយមានការសម្របសម្រួលនីតិវិធីដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យគោលដៅចំនួន០២កន្លែង​ដែលសង្ស័យមានល្បែងអនឡាញខុសច្បាប់​ដោយទីតាំងទី១​នៅនាគទិព្វ២(មានច្បាប់អនុញ្ញាត)ទីតាំងទី២​នៅផ្ទះល្វែងក្រុមហ៊ុន​paramex(គ្មានច្បាប់អនុញ្ញាត​)ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។


លោកបន្តថានៅចំណុចទីតាំងទី២នេះកម្លាំងនគរបាលបានធ្វើការបង្ក្រាបឃាត់ខ្លួនបានជនបរទេសចំនួន២០៩នាក់ស្រី១៣០នាក់​ក្នុងនោះជនសង្ស័យមាន០៧សញ្ជាតិ-ថៃ១៨៣នាក់ស្រី១១៨នាក់-ឥណ្ឌា០៣នាក់ស្រី០០នាក់-ម៉ាឡេស៊ី​០២នាក់ស្រី-ឥណ្ឌូនេស៊ី០២នាក់-តៃវ៉ាន់០២នាក់ស្រី០០នាក់-ឡាវ០៥នាក់​ ស្រី០៤នាក់-ខ្មែរ​១២នាក់ស្រី០៦នាក់។ លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថាក្រោយពីធ្វេីការត្រួតពិនិត្យរួចហេីយកម្លាំងចម្រុះបានអនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២នាក់ស្រី០៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកជនបរទេសចំនួន១៩៧នាក់ស្រី១២៤នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញនៅខេត្តសៀមរាបដើម្បីអនុវត្តបន្តនីតិវិធី។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ ម៉ាស៊ីនកុំព្យូទ័រចំនួន១០គ្រឿងនិងទូរស័ព្ទដៃមួយចំនួននិងសម្រេចបិទអគារទីតាំងខាងលើ។ គួរបញ្ជាក់ថាទោះបីជារាជរដ្ឋាភិបាលចេញអនុក្រឹតបិទល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទយ៉ាងណាក៏ដោយគេនៅតែសង្គេតឃើញថាក្រុងប៉ោយប៉ែតនៅតែមានការបើកឲ្យលេងល្បែងនេះយ៉ាងគគ្រឹកគគ្រេងដដែលដោយខ្លះសំអាងលើច្បាប់អនុញ្ញាតដែលមិនទាន់អស់សុពលភាពនិងខ្លះទៀតលួចលាក់បើកបន្លំក្រោមស្លាកយីហោងកាស៊ីណូ និងខ្លះទៀតបង្ហោះឲ្យលេងតាមបណ្តាញសង្គមហ្វេសបុកយ៉ាងបើកចំហតែម្តង៕






%d bloggers like this: