បណ្ឌិត និងស្រមោច (អត្ថបទអប់រំ)

ថ្ងៃមួយ បណ្ឌិតម្នាក់មកអង្គុយគយគន់ទេសភាពសមុទ្រនៅលើពើងថ្ម គេមើលសមុទ្រពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយ មើលចំណុចប្រសព្វរវាងសមុទ្រ និងដៃទន្លេដោយចិត្តអណ្ដែតអណ្តូង។

បណ្ឌិតបណ្តែតអារម្មណ៍ទាល់តែមេឃខ្មៅរកកលចង់ភ្លៀង និងមានខ្យល់បក់បោកខ្លាំង នាំរលកធំៗមកផ្ទប់នឹងឆ្នេរ ឃើញសំពៅធំមួយឃ្លេងឃ្លោង ហើយក៏លិចយឺតៗទៅក្នុងសមុទ្រ។

គេឈរមើលទិដ្ឋភាពមនុស្សម្នាប្រឹងគេចពីសេចក្ដីស្លាប់ដោយក្ដីរន្ធត់ តែមិនអាចជួយអ្វីបាន ទើបបានតែនិយាយថា៖ “ឱព្រះឥន្ទ្រាដ៏ខ្ពង់ខ្ពស់ ទ្រង់បង្កើតសមុទ្រដ៏វិចិត្រនេះមក ចុះហេតុអ្វីទ្រង់បង្កើតព្យុះ ភ្លៀងកំណាចមកពង្រាត់យកជីវិតសត្វលោកទៅវិញ ទតចុះព្រះឥន្ទ្រា! សត្វលោកស្លាប់រណិល ទ្រព្យសម្បត្តិជាច្រើនលិចលង់ក្នុងទឹក”។

បណ្ឌិតរៀបរាប់ពីភាពសាហាវឃោរឃៅរបស់ព្រះឥន្ទ្រ តែមិនបានដឹងទេថា កន្លែងដែលគេអង្គុយនោះ ជាផ្លូវចេញចូលរបស់ស្រមោច ហើយគេក៏បានបំផ្លាញផ្លូវចេញចូលរបស់ពួកវាដែរ។ ពេលផ្លូវរបស់ខ្លួនត្រូវបានបំផ្លាញ ពួកស្រមោចក៏ខាំជើងបណ្ឌិត ដែលរារាំងផ្លូវរបស់ខ្លួន។ ពេលនោះបណ្ឌិតក៏លោតកញ្ឆេង ហើយជាន់ស្រមោចឱ្យងាប់អស់ជាច្រើន ដើម្បីកុំឱ្យវាខាំខ្លួនទៀត។

ភ្លាមនោះ ព្រះឥន្ទ្រក៏ប្រាកដខ្លួននៅចំពោះមុខបណ្ឌិត រួចពោលថា៖ “ចៅបណ្ឌិត ចូរមើលឱ្យម៉ត់ចត់ ចៅថាយើងអយុត្តិធម៌ ពង្រាត់ជីវិតសត្វលោក និងក្ដីសង្ឃឹមរបស់ពួកគេ តែចៅក៏មិនខុសពីយើង ព្រោះចៅបានបំផ្លាញទីជម្រក និងជីវិតរបស់ស្រមោច បើបែបនេះហេតុដូចម្ដេចក៏ចៅហ៊ានមកកាត់សេចក្ដីយើង”។

កុំថាឱ្យអ្នកដទៃ បើខ្លួនយើងធ្វើមិនបានល្អ!

%d bloggers like this: