ស្រោមអនាម័យ​ ៥ ​សែន​ស្រោម នឹង​ត្រូវ​ចែកចាយ​ក្នុង​បុណ្យអុំទូក​ខាងមុខនេះ…..

ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គ្រោង​ចែក​​ស្រោមអនាម័យ​ជាង​៥សែន​​ស្រោម​ដល់​សាធារណជន​ក្នុង​​អំឡុងពេល​បុណ្យអុំទូក​​ចុង​សប្ដាហ៍​នេះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​​បញ្ហា​មេរោគ​អេដស៍​និង​ជំងឺអេដស៍ជាពិសេស​ចំពោះ​គោលដៅ​អ្នក​ស្រឡាញ់​ភេទ​​ដូចគ្នា​និង​ក្រុម​អ្នក​​ចាក់​គ្រឿងញៀន​។ នេះ​បើ​តាម​លោក ហោ ប៊ុនឡេង អនុប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​។ លោក​ថ្លែងថា​៖«​យើង​ចែក​ស្រោមអនាម័យ​នេះ​មិនមែន​ក្នុង​គោលបំណង​​ចែក​ឲ្យ​យក​ទៅ​ប្រើ​ទេប៉ុន្ដែ​គោលបំណង​​សំខាន់​នោះ​គឺជា​ការជំរុញ​ការយល់ដឹង​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ​ដល់​ប្រជាពលដ្ឋ​។យុទ្ធនាការ​នេះ​ជា​ការផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​អេដស៍និង​បង្ហាញ​នូវ​មធ្យោបាយ​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​បង្ការ​លើ​បញ្ហា​នេះ​»​។លោក​ ប៊ុនឡេងបាន​អះអាង​ថាការចែក​ស្រោមអនាម័យ​នេះ​មិនមែន​ជា​ការជំរុញ​ឲ្យ​ពលរដ្ឋ​រួមភេទ​ទេ ប៉ុន្ដែ​ជា​ការការពារ​ទុក​ជាមុន​ផងដែរ​ប្រសិន​បើ​ពួកគាត់​មាន​បំណង​ក្នុង​ការរួមភេទ​។អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បា​ន​សហការ​ជាមួយ​អង្គការ​ផ្សេងៗ​ក្នុង​ការរៀបចំ​ទីតាំង​សម្រាប់​ផ្សព្វផ្សាយ​និង​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ដោយ​ឥតគិតថ្លៃ​ដល់​សាធារណជន​ចំនួន​៣ទីតាំង​គឺ​នៅ​សួនច្បារ​ជ្រោយចង្វារសួនច្បារ​វត្ដ​ភ្នំនិង​នៅ​កោះពេជ្រ​ផងដែរ​។លោក ប៊ុនឡេង ថ្លែង​ថា​៖«​កុមារ​បាន​ប្រែក្លាយ​​ជា​យុវជន​ជា​រៀងរាល់​​ឆ្នាំដូច្នេះ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​បញ្ហា​អេដស៍​នេះយើង​ត្រូវ​តែ​ធ្វើ​ជា​បន្តបន្ទាប់ហើយ​ការអប់រំ​បច្ចុប្បន្ន​នេះ​គឺ​យើង​បាន​បញ្ជ្រាប​នូវ​ចំណេះដឹង​ថ្មីៗ​ពី​បញ្ហា​អេដស៍​នេះ​ទៅ​ដល់​យុវជន​ថែម​ទៀត​»​។ លោក ប៊ុនឡេង បាន​ឲ្យ​ដឹងថា​កម្ពុជា​អាច​ត្រួតត្រា​ស្ថានការណ៍​រាលដាល​មេរោគ​អេដស៍គឺ​មិន​អនុញ្ញាត​ឲ្យ​វា​បន្ត​កើតឡើង​តទៅ​ទៀត​ទេដោយ​បាន​ផ្ដោត​ជា​សំខាន់​ទៅលើ​ក្រុម​នារី​ដែល​ពួកគាត់​បម្រើការ​សប្បាយ​នៅ​តាម​កន្លែង​កម្សាន្ត​សប្បាយ​ផ្សេងៗ​ជាដើម​។


លោក ប៊ុនឡេង ថ្លែង​ថា​៖ «​យើង​សឹងតែ​ត្រួតត្រា​បាន​ទាំងស្រុង​តែម្ដងលែង​ឲ្យ​បញ្ហា​អេដស៍​នេះ​កើតឡើង​ជា​បញ្ហា​ទៀត​ហើយ​។ប៉ុន្ដែ​អ្វី​ដែល​យើង​នៅ​មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ​នោះ​គឺ​ក្រុម​អ្នក​ដែល​ចាក់​គ្រឿងញៀន និង​ក្រុម​បុរស​ស្រលាញ់​បុរស​។ ដូច្នេះ​បាន​យើង​នៅ​តែ​បន្តធ្វើ​និង​កំណត់ថា​កម្ពុជា​យើង​នឹង​លុបបំបាត់​អេដស៍​នេះ​ឲ្យ​បាន​នៅ​ឆ្នាំ​២០២៥»​។លោក ជួប សុខចំរើន ​នាយក​ប្រតិបត្តិ​អង្គការ​ខាណា​បាន​អះអាង​ថា​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​ការអប់រំ​តាមរយៈ​សៀវភៅសារនិង​សម្ភារ​អប់រំ​ផ្សេងៗ​ទៀត​លើ​បញ្ហា​អេដស៍​។លោក​ថ្លែង​ថា​៖«​ប្រជាជន​ដែល​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យអុំទូកពួកគាត់​អាច​អាន​សារ​ដែល​យើង​បាន​ផ្សព្វផ្សាយនិង​ទទួល​បាន​សៀវភៅ​អប់រំ​ពី​បញ្ហា​អេដស៍ជំងឺអេដស៍និង​បញ្ហា​សុខភាព​ផ្សេងទៀត​។ យើង​ក៏​មាន​ជា​បន្ទប់សម្រាប់​ពិគ្រោះនិង​ផ្ដល់​ប្រឹក្សា​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​ឈាម​អំពី​មេរោគ​អេដស៍​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​៣ថ្ងៃនេះ​ផងដែរ​»​។លោក សុខចំរើន បាន​បញ្ជាក់​ថា​ក្នុង​ពេល​ថ្មីៗ​នេះអង្គការខាណាបាន​រកឃើញ​ថាក្រុម​ស្រឡាញ់​ភេទ​ដូចគ្នាគឺជា​ក្រុម​ដែល​កំពុង​ប្រឈមមុខ​ក្រោយពេល​ពួកគេ​បាន​មក​ធ្វើតេស្ត​ឈាម​រួច​ឃើញ​មាន​ផ្ទុកមេរោគ​អេដស៍​។លោក​បាន​ថ្លែងថា​៖«​ករណី​ដែល​រកឃើញ​ថ្មីភាគច្រើន​ជា​ក្រុម​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នាបុរស​ស្រលាញ់​បុរស​ដែល​ស្ថិត​នៅ​ក្នុង​វ័យក្មេង​។ខាង​អង្គការ​ខ្ញុំ​បាន​រកឃើញ​ជាទូទៅ​ក្នុង​១ថ្ងៃ​អត្រា​ដែល​យើង​រកឃើញ​ប្រហែល​ជា​១​នាក់​»​។អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ថាអត្រា​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា​បាន​ថយចុះ​ស្ថិត​ក្នុង​ស្ថានការណ៍​គ្រប់គ្រង​បាន​។ខណៈ​តាម​ការប៉ាន់ស្មាន​ថាបច្ចុប្បន្ន​កម្ពុជា​មាន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង​៧ ម៉ឺន​នាក់​ក្នុង​នោះ​អ្នកទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​មាន​ជាង​៥ម៉ឺន​នាក់​៕



%d bloggers like this: