ទៅស្រែប្រទះឃើញក្រឡបុរាណមួយ រួចក៏យកមកផ្ទះ ស្រាប់តែមានរឿងអភូតហេតុនឹកស្មានមិនដល់…

អ្នកភូមិនគរក្រៅ ស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលជីកបាន បន្ទាប់ពីរក្សាទុកអស់រយៈពេល ៣ខែ អ៊ំស្រី សាប គួន អាយុ ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។កាលពី ៣ខែមុន គាត់បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។តាមការរៀបរាប់របស់អ៊ំស្រីបានឲ្យដឹងថា ពេលឃើញក្រឡដំបូងគឺមិនហ៊ានគាស់យកទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ជារបស់បុរាណអីដែរ ទើបហៅកូនប្រុសឲ្យមកជីកយក។លជីកបាន ដោយគិតថា ជារបស់អពមង្គល គាត់ក៏មិនហ៊ានយកទៅដាក់នៅលើផ្ទះ ឬយកទៅដាក់អំបិលប្រហុកអីដែរ ខ្លាចម្ចាស់គេប្រកាន់នាំគ្រោះចង្រៃដល់ខ្លួន និងគ្រួសារ ក៏ដាក់ពាសវាលពាសកាលក្នុងបរិវេណដីគាត់ ដោយគ្មានការថែរក្សាត្រឹមត្រូវ។អ៊ំស្រីបន្តទៀតថា គាត់គ្មានបំណងលាក់ទុកវត្ថុបុរាណនេះទុកឡើយ ហើយក៏មិនមានបំណងលក់ដូរអីដែរ បើទោះបីមានគេមកចរចាពីរបីដងក៏ដោយ ក៏គាត់មិនបានប្រាប់ថា គាត់មានក្រឡបុរាណដែរ ដោយបង្ហាញក្រឡផ្សេងទៀត តែគេមិនយកព្រោះមិនមែនរបស់មានតម្លៃ ហើយអ៊ំស្រីក៏មិនដែលនិយាយរឿងរ៉ាវនេះប្រាប់អ្នកណាម្នាក់ដែរ។លុះទុកបានប្រហែល ១ខែ គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺមើលអស់លុយជាច្រើន លុះទៅបូលគ្រូខ្មែរមើល ក៏ត្រូវគេទាយថា គាត់មានរបស់បុរាណរក្សាទុក។

លុះមកដល់ផ្ទះ ក៏ឃើញក្រឡដែលខ្លួនជីកបាន ទើបគាត់កាន់តែមិនសូវខ្វល់ខ្វាយក្នុងការថែរក្សា។ ក្រោយមកពេលមានការកំណាយនៅទន្លេស្ងួត គាត់ក៏ធ្លោយមាត់ប្រាប់ដល់កម្មករម្នាក់ដែលធ្វើការនៅទីនោះ ហើយកម្មករនោះក៏បានប្រាប់ទៅខាងអាជ្ញាធរជាតិអប្សរា ទើបបែករឿងនេះទៅ។ ក្រោយការពន្យល់ពីហេតុផលជាច្រើនទាក់ទងនឹងច្បាប់ និងការចូលរួមថែរក្សាមរតកបេតិកភណ្ឌជាតិ រួមនឹងការមើលមិនឃើញពីតម្លៃនៃវត្ថុបុរាណនេះដដែល គាត់ក៏បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណនេះជូនអាជ្ញាធរជាតិអប្សរាដើម្បីប្រគល់ឲ្យសារមន្ទីរនរោត្តមសីហនុ-អង្គរជាអ្នករក្សាទុកកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧។

ក្នុងនោះដើម្បីជាការលើកទឹកចិត្ត អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ថវិកាចំនួន ២០០,០០០រៀល ដល់អ៊ំស្រីផងដែរ។ ទាក់ទងនឹងក្រឡបុរាណនេះដែរ តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកភាជន៍បានឲ្យដឹងថា ក្រឡនេះធ្វើអំពីដីដុត សម្រាប់ដាក់វត្ថុច្រើនប្រភេទដូចជា អំបិល ស្ករ ប្រហុក និងវត្ថុរាវផ្សេងៗទាក់ទងជីវិតប្រចាំថ្ងៃ។
ក្រឡនេះផលិតនៅស្រុកខ្មែរ ចន្លោះសតវត្សទី ១១ ទៅ ១៥ នៃគ.ស។ តាមរយៈក្រឡនេះ វាបានបង្ហាញពីទំនាក់ទំនងមួយរវាងមនុស្សសម័យមុន និងបច្ចុប្បន្នដែលនៅតែមានប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
តាំងនាមឲ្យអាជ្ញាធរជាតិអប្សរា លោកបណ្ឌិតក៏សូមថ្លែងអំណរគុណដល់អ៊ំស្រីដែលរួមចំណែកក្នុងការស្រឡាញ់បេតិកភណ្ឌជាតិ និងបានប្រគល់ក្រឡនេះឲ្យក្រុមការងាររក្សាទុក ព្រមទាំងសិក្សាពីប្រវត្តិរបស់វាផងបន្ត ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរើសបានរបស់បុរាណទាំងអស់ សូមកុំលក់បន្តកុំរក្សាទុកដោយខុសច្បាប់ព្រោះវត្ថុបុរាណមួយ បង្ហាញពីសម័យកាលនិងប្រវត្តិសាស្ត្រមួយរបស់ជាតិខ្មែរ៕

%d bloggers like this: