រថយន្តបាឡែនលួចដឹកឈើប្រណីតមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបនៅស្រុកអូរជុំ…

(ខេត្តរតនគិរី)៖កម្លាំងសមត្ថកិច្ចចម្រុះចុះស្ទាក់ចាប់រថយន្តកាមរីបាឡែនមួយគ្រឿងលួចដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានបង្ក្រាប។ ប្រតិបត្តិការចុះស្ទាក់ចាប់រថយន្តមួយគ្រឿងខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ៈ៣០នាទីទាបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចដែលចុះបង្ក្រាប បានឲ្យដឹងថាក្នុងនោះមានកម្លាំងនគរបាលស្រុកអូរជុំសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ និងកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ បានធ្វើការចុះបង្រ្គាបរថយន្តលួចដឹកជញ្ជូនឈើមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្លែរ អត់ស្លាកលេខ ផ្ទុកឈើប្រណីតចំនួន៨ កំណាត់ជាប្រភេទឈើកកោះ មុខកាត់២០គុណ២០ ប្រវែង១,២សង់ទីម៉ែត្រ ស្មើរនិង០,៥ម៉ែត្រគូប។ក្រោយពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹក ឈើប្រណីតខាងលើនេះ មិនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ខ្លួនតៃកុងរថយន្តនោះឡើយ។ បច្ចុប្បន្នរថយន្តនិងឈើត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបាន ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកទៅរក្សាទុកនិងចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ៕

%d bloggers like this: