ព្រះកេសលោកេស្វរៈចំនួនមួយត្រូវបានប្រទះឃើញពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ…

ព្រះកេសបដិមាព្រះពោធិសត្វលោកេសូរឬលោកេស្វរៈចំនួនមួយធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទកាលពីព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩កន្លងមកនេះ។តាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃនិងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញគឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែបព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែកឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀតចម្លាក់មួយនេះក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។


លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងធ្វើការវាស់ទំហំព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថាព្រះកេសនេះធ្វើពីថ្មភក់មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម។ ព្រះកេសព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើរយកទៅរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ។ ចំពោះព្រះកេសលោកេសូរខាងលើនេះ លោក សុម៉ាឡា ក៏បញ្ជាក់ដែរថា ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២,៤ឬ៨ ដោយមានកាន់កេតនភណ្ឌដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ៕អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ឈូក សុម៉ាឡា/ លោក ហាប់ គឹមអាន









%d bloggers like this: