អស្ចារ្យណាស់! តារាចម្រៀង រតន: ពិសី ត្រូវបានជ្រើសឲ្យក្លាយជាតំណាងរបស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ាននៅឯប្រទេសចិន…

ភ្នំពេញ៖ ថ្មីៗនេះកាលពីប៉ុន្មានថ្ងៃមុននៅយប់ថ្ងៃទី១៨ខែកញ្ញា កញ្ញារតន: ពិសី បានធ្វើឲ្យអ្នកគាំទ្ររំភើបកោតសរសើរយ៉ាងខ្លាំងទៅលើរូបនាង ដោយសារតែកញ្ញា ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសជាតារាតំណាងប្រទេសកម្ពុជាក្នុងការសម្ដែងសិល្ប: ទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមានឈ្មោះថា “ASEAN-China TV Drama Week” ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន។

នេះជាកិត្តិយស ដែលនាងទទួលបាន បន្ទាប់ពីបានហក់ ចូលផលិតកម្មថោន។ ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅទីក្រុងណាននីងខេត្តគ័ងស៊ី ប្រទេសចិន កញ្ញា រតន: ពិសី លេចមុខលេចមាត់យ៉ាងខ្លាំង ដោយគេឃើញមានការឌីហ្សាញ រូបថតរបស់នាង នៅចំកណ្ដាលប៉ាណូ ដែលមិនមែនគ្រាន់តែចូលរួម បង្គ្រប់កម្មវិធីនោះឡើយ។ ក្នុងវីដេអូហាត់សម ដែលបានបង្ហោះឡើង គឺនាងច្រៀងផង ធ្វើពិធីការិនីផង ដោយនាងចេញមុខ ជាមួយតារាបរទេសយ៉ាងកាលីប លើឆាកដែលចម្រុះ ដោយភ្លើងពណ៌យ៉ាងប្រណិត។

នេះជាការចេញសម្ដែងជាលក្ខណ:ជាតិរបស់នាង មុនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ខណ:ដែលវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ក៏នឹងធ្វើឲ្យនាងឈានឡើង។ រតន: ពិសី និយាយថានាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្ដោបក្ដាប់ឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់ ដោយបានទាំងត្រូវគេជ្រើស ឲ្យក្លាយជាតំណាងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដោយនាងទៅហាត់ សមតាំងពីថ្ងៃទី ១៥ខែកញ្ញា។

ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសម្ដែងយ៉ាងជោគជ័យ នាងនឹងត្រឡប់មកវិញ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។ នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងក៏មោទនភាពណាស់ដែរ ដែលត្រូវបានកម្មវិធីទាំងមូល លើកមុខដល់ម្លឹង។ នាងថាកម្មវិធីនេះ ប្រមូលផ្តុំដោយដោយសិល្បករល្បីឈ្មោះ ពិសេសអ្នកមាន បទចម្រៀងនៅក្នុងភាពយន្តភាគល្បីៗ លើកញ្ចក់ទូរទស្សន៍។

ក្រោយត្រលប់មកវិញនាងនឹងបន្តទៅសម្ដែង និងច្រៀងក្នុងប្រទេសអូស្ត្រាលី រយ:ពេល៣ខែ ដោយកុងត្រារយ:ពេល៥ឆ្នាំ របស់នាងនៅថោន គឺសម្រុកផលិតបទក្រោយ បញ្ចប់បេសកកម្មនៅក្រៅប្រទេស៕ រហូតមកដល់ពេលនេះកញ្ញា ត្រៀមនឹងបន្តចូលរួមកម្មវិធីមួយទៀតណាពេលខាងមុន តាមការបង្ហើបពីប្រភពជិតស្និតរបស់នាង។











%d bloggers like this: