ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ! បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ស្លាប់និងរងរបួស៧នាក់ ក្នុងនៅខេត្តសាកែវ ស្រះកែវ ប្រទេសថៃ…

ថៃ: ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅប្រទេសថៃនៅវេលាម៉ោង១០.២៤នាទីព្រឹកថ្ងៃព្រហស្បតិ៍១៤កើតខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ នៅមុខវត្តណូនជិកឃុំវឌ្ឍនាណាក់ខនស្រុកវឌ្ឍនាណាក់ខនខេត្តសាកែវ មានហេតុការណ៍រថយន្តទេសចរណ៍មួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទវ៉ែនដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥នាក់ និងរងរបួស៧នាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១០នាក់ជាទេសចរនិងអ្នកជំងឺ ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន៤នាក់៣នាក់ជាស្ត្រី និងម្នាក់ជាកុមារា។

ចំណែក៦នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់។ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។

មន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ)បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុងសហការជាមួយសាច់ញាតិសព ជនរងគ្រោះជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជាផងដែរ ។







%d bloggers like this: