ផឹកខារ៉ាបាវអស់មួយកំប៉ុង សន្លប់ស្ដូក….

ស្ទឹងត្រែងៈ យុវជនម្នាក់ មានអាការៈក្អួតចង្អោរ រហូតសន្លប់ស្ដូកស្ដឹង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីគេបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវអស់មួយកំប៉ុង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យុវជនរងគ្រោះ មានឈ្មោះ ស្រុន សូណា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

ពាក់ព័ន្ធករណីនេះ ម្ដាយរបស់ជនរងគ្រោះ ពេលបញ្ជូនកូនមកសង្គ្រោះបន្ទាន់ប្រាប់ថា កូនប្រុសរបស់គាត់បានមានអាការៈមិនស្រួល ក្អួតចង្អោរ និងសន្លប់ ក្រោយពេលញ៉ាំខារ៉ាបាវអស់មួយកំប៉ុង។

ស្ត្រីរូបនេះ បញ្ជាក់ថា ក្រោយពេលកូនរបស់គាត់ ត្រឡប់មកពីជួយលក់ពងទានៅឯផ្សាររួចមក រូបគេក៏បានដើរទៅមើលគេលេងល្បែងប្រជាប្រិយនៅឯវត្តបាចុង។ ប៉ុន្តែមិនយូរនោះទេ កូនប្រុសគាត់ក៏ត្រឡប់មកផ្ទះវិញ ដោយមានអាការៈក្អួតចង្អោរតែម្ដង។

ជុំវិញករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីជំនាញកាំកុងត្រូល ឬក៏ក្រុមគ្រូពេទ្យជំនាញនៅឡើយទេ ដោយគ្រូពេទ្យជួយសង្គ្រោះយុវជនរងគ្រោះ សុំធ្វើការសង្គ្រោះអាយុជីវិតជនរងគ្រោះជាមុនសិន។

%d bloggers like this: