ប្រធានសាខាកាំកុងត្រូល​ខេត្តស្វាយរៀង ! ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ…

(ស្វាយរៀង)៖​ លោក ផឹង និល ប្រធានសាខាកាំកុងត្រូល​ ខេត្តស្វាយរៀង​ បានឲ្យដឹងថា: ចំពោះការចុះត្រួតពិនិត្យមុខទំនិញដែលតែងតែធ្វើជារឿយៗនេះ​ គឺគោលបំណងធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ។​

លោក ផឹង និល​ លើកឡើងបែបនេះ​ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ខណៈក្រុមការងាររបស់លោក​ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យម្ហូបអាហារ និងទំនិញតាំងពិពណ៌ពាណិជ្ជកម្មកម្ពុជា-​ថៃ នៅក្នុងឱកាសការប្រកួតកីឡាទូកខ្នាតអន្តរជាតិ​ “ទូកនាគ” នៅទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា​ មានទូកមកពីបណ្តាខេត្តចំនួន៦ ចូលរួមប្រកួតដណ្តើមជ័យលាភីពានរង្វាន់សម្តេចក្រឡាហោម ស ខេង​ ដែលនឹងប្រព្រឹត្តិទៅ​ នាថ្ងៃទី២៧ នឹង២៨ ខែកក្កដា ឆ្នាំ២០១៩​ ខាងមុខនេះ ហើយក៏មានការតាំងពិពរណ៌ទំនិញពាណិជ្ជកម្មកម្ពុជា-​ថៃ ដែលមានទំនិញផ្សេងៗ​ និងគ្រឿងម្ហូបអាហារជាច្រើនមុខ លក់សំរាប់ពលរដ្ឋហូបនៅក្នុងពិធីនេះផងដែរ។

លោក ផឹង និល​ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់៕​

%d bloggers like this: