បងប្អូនយល់យ៉ាងណាដែរ! សម្តេចធ្លាប់ប្រកាសជូនពលរដ្ឋ អ្នកទិញយានយន្តតពីគេ មិនបាច់ទៅកាត់ឈ្មោះ ដោយឡែកបុរសម្នាក់អះអាងថា ខាងថ្នាក់ក្រោមនៅតែទាមទារហៅម្ចាស់ដើមមកកាត់ឈ្មោះ ហៅមកម្តេចបើម្ចាស់ដើមស្លាប់បាត់ហើយ…

កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនប្រជាពលរដ្ឋថា អ្នកដែលបានទិញយានយន្តតពីអ្នកដទៃរួចហើយ ពេលនេះមិនបាច់ទៅកាត់ឈ្មោះនោះទេ ហើយក៏មិនត្រូវបង់សេវាអ្វីទាំងអស់។ ការមិនតម្រូវឲ្យបញ្ជាក់ពីម្ចាស់ដើមនេះ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ចំពោះការផ្ទេរកម្មសិទ្ធិយានយន្ត សំដៅធានាការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើង។

ដោយឡែកគណនេយ្យហ្វេសបុកមួយឈ្មោះថា ខៀវ បូរី បានបង្ហោះបញ្ហាករណីកាត់ឈ្មោះរថយន្តនោះ ដោយលោកអះអាថាខាងមន្ទីរសាធារណៈកាលខេត្តបន្ទាយមានជ័យមិនព្រមអនុវត្តន៍តាមប្រសាសន៍សម្តេច ដោយទាមទារហៅម្ចាស់ដើមរថយន្តមក លោកបានបន្ថែមថាហៅម្ចាស់ដើមមកម្តេចបើម្ចាស់ដើមស្លាប់បាត់ទៅហើយ ។ ខាងក្រោមនេះជាសំណេររបស់លោក រៀបរាប់ដំណើររឿងតាមបណ្តាញសង្គមហ្វេសបុក៖

បន្ទាយមានជ័យខ្ញុំអើយ !!!!!ថ្នាក់លើលោកមានប្រសាសន៍ផ្សេង ប៉ុន្តែថ្នាក់ក្រោមប្រហែលស្តាប់មិនលឺ ថ្នាក់លើលោកថាផ្ទេរឬកាត់ឈ្មោះយានយន្តមិនតម្រូវ ម្ចាស់ដើមមកបញ្ជក់ឡើយ តែមន្ត្រីថ្នាក់ក្រោមថាកាត់មិនបានថាផ្ទេរឈ្មោះមិនបានទេលុះត្រាតែមានម្ចាស់ដើមមកផ្តិតមេដៃទើបកាត់ឬផ្ទេរឈ្មោះរថយន្តបាន ។ខ្ញុំមិនយល់ឡើយ តើត្រូវសួរអ្នកណាបើម្ចាស់ដើមគាត់ស្លាប់បាត់ហើយតើអោយខ្ញុំទៅរកម្ចាស់ដើមនៅឯណា មកផ្តិតមេដៃ?។
ជាក់ស្តែងរថយន្តរបស់ខ្ញុំមួយគ្រឿងទិញ ត ពីគេមកមានម្ចាស់ដើមដល់ទៅបីនាក់ឯណោះ ពេលខ្ញុំចង់កាត់ឈ្មោះ ស្រាប់មន្ត្រី មន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងខេត្តនេះមិនព្រមកាត់ឈ្មោះអោយឡើយ ខ្ញុំបានប្រាប់គាត់វិញថាម្ចាស់ដើមមិនដឹងជានៅទីណាទេ សង្ស័យតែគាត់ស្លាប់បាត់ហើយ តែមន្ត្រីរូបនោះគាត់ថាមិនដឹង បើចង់ផ្ទេរឈ្មោះបានត្រូវទៅរកម្ចាស់អោយឃើញទៅ បើរកមិនឃើញផ្ទេរមិនបានsic ចប់ប៉ារ៉ោយ ។

ឱលោកម្ចាស់ដើមអើយតើពេលនេះ លោកនៅទីណាមេត្តាឆ្លើយផង ពេលនេះតើអ្នកដឹងទេថា ខ្ញុំកំពុងតែនឹកអ្នកខ្លាំងណាស់ ព្រោះខ្ញុំត្រូវការកាត់ឈ្មោះឡាន ឬលោកមិនទាន់ចាប់កំណើតទេដឹង បើលោកបានលឺសូមជួយ មកពន្យល់សប្តិអោយខ្ញុំដឹងផង ដើម្បីកុំអោយខលទៅសួរលោកប្រធានមន្ទីសាធារណការ នាំរំខានការងាររដ្ឋ ព្រោះលោករវល់ការងារបំរើជាតិ ច្រើនណាស់ មិនចង់រំខានអ្នកធំឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសតាម ហ្វេសប៊ុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះថា ចាប់ពីពេលនេះតទៅ ការកាត់ឈ្មោះម៉ូតូ និងឡានមិនចាំ បាច់មាន ការបញ្ជាក់ពីម្ចាស់មុននោះទេ។ ការសម្រេចដូច្នេះ ដើម្បីដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ ដែលត្រូវទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិម៉ូតូ និងឡាន ហើយមន្ត្រីធ្វើកិច្ចការនេះ ទាមទារឱ្យមានម្ចាស់ដើមទៅ ផ្តិតមេដៃបញ្ជាក់ទើបអាចធ្វើបាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការដោះស្រាយបញ្ហាប័ណ្ណបើកបរ និងបញ្ហាកាត់ឈ្មោះយានយន្តច្រើន ត គឺជាកាត់ដំបៅមហារីក ដើម្បីឆ្លើយតបសំណូមពររបស់ ប្រជាពលរដ្ឋ។ ប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសន្និបាតធ្វើឡើងដើម្បីឆ្លើយតបជាសំខាន់លើបញ្ហារបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។

តាមរយៈទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បញ្ជាក់ថា សម្តេចបាន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំការងារនេះ ដែលផ្តល់នូវការយោគយល់ទទួលស្គាល់ ការកាន់កាប់ជាក់ស្តែងដោយមិនចាំបាច់ឱ្យមានការបញ្ជាក់ពីម្ចាស់ មុននោះទេ។ ក្នុងករណីរថយន្តឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។ នៅពេលខាងមុខពេលទិញរថយន្តឬម៉ូតូត្រូវមានការ បញ្ជាក់ត្រឹមត្រូវពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។ គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកនឹងចេញការណែនាំជាក់ស្ដែង៕

%d bloggers like this: