អាណិតតែកូនៗទេលោកអើយ..!! ស្ត្រីម្នាក់តូចចិត្តខ្លួនក្រហើយប្ដីវាយធ្វើបាប ក៏ដើរទៅលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស តែត្រូវពលរដ្ឋជួយទាន់

ភ្នំពេញ ៖ ស្ត្រីម្នាក់មានកូនតូចៗដល់ទៅ៣នាក់ បានផឹកស្រាថ្នាំស្រវឹងស្រឿងៗក៏ចង់គិតខ្លីទៅលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ពេល ។

ស្ត្រីដែលមានបំណងលោតទឹកសម្លាប់ខ្លួនខាងលើ មានឈ្មោះ តឹក មិក អាយុ៣៤ឆ្នាំ មុខរបប រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ(ដើរដេកតាមចិញ្ចើមផ្លូវ) និងមានកូនប្រុសតូចៗដល់ទៅ៣នាក់ ដោយប្ដីជាអ្នករើសអេតចាយជាមួយគ្នា ។

បើតាមសម្ដីស្ត្រីខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ដំបូងនៅពេលល្ងាចថ្ងៃកើតហេតុ រូបគាត់បានហូបស្រាថ្នាំអស់៣ទៅ៤កែវ ហើយក៏មានកូនចិត្ត គិតថាខ្លួនក្រ និងប្ដីវាយធ្វើបាបរាល់ថ្ងៃពេក ក៏លេងចង់រស់ ក៏ដើរឡើងលើស្ពានព្រះមុនីវង្សដើម្បីសម្លាប់ខ្លួនបញ្ចប់បញ្ហា ។

គ្រានោះ ក៏មានប្រជាពលរដ្ឋឃើញសភាពមិនស្រួលក៏ជួយឃាត់ ហើយនាំយកមកខាងក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីពន្យល់ណែនាំកុំឲ្យគិតខ្លីទៀត ព្រោះអាណិតកូនៗនៅតូចមិនដឹងទៅរំពឹងអ្វីបើគ្មានម្ដាយមើលថែ ។ក្រោយមក ស្ត្រីខាងលើបានយល់ហេតុផង ក៏ឈប់គិតខ្លីទៀត ហើយនាំកូនៗរបស់គាត់សម្រាក់នៅខាងក្រោមស្ពានអាកាសក្បាលថ្នល់ ធ្វើឲ្យស្ងប់រឿងវិញផងដែរ ៕


%d bloggers like this: