ពិតជាអាណិតអាសូរណាស់ ! ទើបរៀបការបាន៣ខែជួបរឿងអកុសលជាន់ដែកឆ្លងចរន្តភ្លើងឆក់ស្លាប់ចោលប្រពន្ធអោយមេម៉ាយ

ភ្នំពេញ ៖ បុរសម្នាក់ទេីបតែរៀបរាកបាន៣ខែ ដឹកដៃគ្នាទៅធ្វើការងារសំណង់ ជាអកុសល ដើរដោយជើងទទេ ជាន់លើដែក ដែលប្រពន្ធ កំពុងអង្គុយកាត់ដោយម៉ូទ័រ បែជាឆ្លងឆក់ស្លាប់យ៉ាងអាណោចអធ័ម ។ ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ក្នុងការដ្ឋាន កំពុងចាប់ផ្តើមកសាងសងមួយកន្លែង តាមផ្លូវលំ ក្រុម៤ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះស្លាប់ក្នុងករណីខាងលើ មានឈ្មោះ ធឿន ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ពន រី អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ទើបតែមកធ្វើការបាន២ថ្ងៃ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអេលិច ឃុំច្រណូក ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ។ ហើយ២នាក់ប្តីប្រពន្ធនេះទៀតសោត ទើបតែរៀបការនឹងគ្នាបាន៣ខែ ។

តាមសម្តីកម្មកររួមការងារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប្តី ធ្វើការងារ កាប់ដី រណ្តៅ ដើម្បី ចាក់គ្រឹះសរសររបង រីឯប្រពន្ធ ការងារ កាត់ដែកសរសៃ លុះនៅវេលាម៉ោងខាងលើ ជនរងគ្រោះបានដើរចេញពីកន្លែងកាប់រណ្តៅ មកកន្លែង ប្រពន្ធដែលកំពុងកាត់ដែក គ្នា២នាក់ ស្ត្រីកម្មករម្នាក់ទៀត មិនទាន់ទាំង យកផ្ទិលទឹកបានហូបផង ដើរជើងទទេ ជាន់លើដែកសរសៃ បែជាឆ្លងឆក់ស្លាប់ទៅវិញ ។ ភ្លាមៗទោះជាប្រជាពលរដ្ឋ ក្បែរខាងជួយ ធ្វើចលនា សង្គ្រោះបឋមក្តី ជនរងគ្រោះក៏មិនអាចមានជីវិតឡើងវិញបានដែរ ។

តាមសម្តី ស្ត្រីវ័យក្មេង ត្រូវជាភរិយារបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ មេការសំណង់ បានឲ្យខ្លួននិងកម្មករ ស្រីម្នាក់ទៀត យកកន្ត្រៃ កាត់ដែកសរសៃ ហើយមេការក៏ចេញទៅបាត់ ដោពួកខ្លួនចង់លឿន ឃើញម៉ូទ័រកាត់ដែកនៅក្រោយខ្នង ទំនង ទាញលើក មកធ្វើការកាត់ដែក ស្របពេលនោះ ប្តីរបស់នាង ដើរពីកន្លែងកាប់រណ្តៅដី ជើងទទេ មករកទឹកហូប នៅកន្លែងដែលនាងអង្គុយកាត់ដែក មិនដឹងថា ម៉ូទ័រនោះ ដាក់លើដែក ឆ្លងចរន្តភ្លើង ប្តីនាងដើតមកជាន់ដែក បែជាឆ្លងឆក់តែម្តង ។

តាមសម្តីមេការសំណង់ ឈ្មោះ សួស សុគន្ធ អាយុ ៣៨ឆ្នាំ ស្នាក់នៅ ភូមិតាងួន សង្កាត់កាកាប១ មានស្រុក ភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឲ្យដឹងថា មុនកើតហេតុ ហើយមុននឹងគាត់ចេញទៅ មើលការដ្ឋានសំណង់មួយកន្លែងទៀត គាត់បានប្រើឲ្យ កម្មករស្រី២នាក់យកកន្ត្រៃ កាត់ដែកសរសៃ ដើម្បីត្រៀមចាក់បង្គោលរបង ការដ្ឋានខាងលើ គាត់ផ្តាំហើយផ្តាំទៀត មិនឲ្យស្រីៗ ប្រើប្រាស់ម៉ូទ័រ កាត់ដែកទេ ព្រោះខ្លាច ផ្លែ កាត់ បែក បាក់ ឬមានបញ្ហាយ៉ាងណាមួយ ស្រាប់តែនៅម៉ោងខាងលើ កម្មករទូរស័ព្ទប្រាប់ថា មានកម្មករឆក់ខ្សែភ្លើងទៅវិញ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងរាយការណ៍ទៅ សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ កោសល្យវិច័យ មុននឹងប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

%d bloggers like this: