មុននឹងទិញដីសូមប្រុងប្រយ័ត្ន ! ស្ត្រីជាមន្ត្រីសុរិយោដីម្នាក់ ចេះស្នៀតបោកលុយគេជាង២០ម៉ឺនដុល្លារ

ខេត្តប៉ៃលិន ៖ ស្ត្រីជាមន្ត្រីសុរិយោដី​ខេត្តប៉ៃលិនមានសម្តីពីរោះម្នាក់​បានលេងស្នៀតនិយាយ​លួចលោម​ជនរងគ្រោះម្នាក់ឲ្យប្រគល់​ប្រាក់មកខ្លួនរាប់ម៉ឺនដុល្លារ ដើម្បីឲ្យយកទៅទិញដី និងរត់ការប្លង់ តែដឹងអី ស្រាប់តែស្រ្តីរូបនោះយកទៅទិញដីដាក់ឈ្មោះខ្លួនឯងយ៉ាងរំភើយ និងសល់លុយខ្លះទៀត យកធ្វើផ្ទះសំណាក់ទៀត លុះពេលជនរងគ្រោះជាម្ចាស់លុយមិនទទួលបានដី ក៏រកមេធាវីដាក់ពាក្យបណ្តឹងឲ្យកម្លាំងនគរបាលធ្វើការចាប់ខ្លួនស្រ្តីសង្ស័យខាងលើ និងកសាងសំណុំរឿងបានបញ្ជូនទៅតុលាការ កាលពីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមផ្លូវច្បាប់។ស្រ្តីសង្ស័យមានឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។ ចំណែក ឯជនរងគ្រោះមិនបញ្ចេញឈ្មោះទេ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះបានពឹងពាក់ឱ្យស្ត្រីសង្ស័យយកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ តែជនរងគ្រោះបានប្រគល់ឱ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដី និងរត់ការប្លង់ ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំនួស ហើយសល់ប្រាក់ខ្លះយកទៅសាងសង់ផ្ទះសំណាក់មួយយីហោ «កូឡាបប៉ៃលិន» ស្ថិតនៅក្បែរស្ពានថ្មជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសាងសង់រួចរាល់អស់ហើយថែមទាំងជិតដំណើរការបើកសម្ពោធដាក់ឱ្យភ្ញៀវស្នាក់នៅថែមទៀតផង ព្រមទាំងព្យាយាមគេចវេះមិនជួបមុខជនរងគ្រោះជាច្រើនខែ ធ្វើឲ្យជនរងគ្រោះ មានចិត្តសង្ស័យក៏តាមសួរនាំម្ចាស់ដីដែលលក់នោះ ទើបដឹងរឿងពិតប្រាកដថា ស្ត្រីសង្ស័យខាងលើបានឆបោកខ្លួន ក៏ទៅរកមេធាវីដាក់ពាក្យបណ្តឹងចាត់ការតាមផ្លូវច្បាប់តែម្តង ។
ប្រភពបន្តថា ស្ត្រីសង្ស័យខាងលើ មានជំនាញខាងឆបោកប្រាក់គេណាស់ ហើយមិនត្រឹមតែឆបោកជនរងគ្រោះម្នាក់ទេ គឺបោកអ្នកដទៃជាច្រើនទៀត ព្រមទាំងមានពាក្យបណ្តឹងជាច្រើនទៀតផងដែរ។


%d bloggers like this: