ជួយស៊ែរបន្តផង ! ម៉ូតូនិស្សិតខ្មែរឥស្លាមជាច្រើនគ្រឿង ត្រូវបានចោរលួចកាច់ករយកទៅដោយសុវត្ថិភាព ខណៈប៉ូលីសហាក់មិនអើរពើទាល់តែសោះ

ភ្នំពេញ៖ម៉ូតូនិស្សិតខ្មែរឥស្លាមចំនួន ៤គ្រឿងត្រូវបានចោរលួចកាច់កយកទៅបាត់ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ នៅក្នុងអង្គការវឌ្ឍនៈកម្ពុជា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ម៉ាត់ រំលី ជានិស្សិតខ្មែរឥស្លាមម្នាក់ស្នាក់នៅក្នុងអង្គការវឌ្ឍនៈកម្ពុជា រៀបរាប់ទាំងអួលដើម ក យ៉ាងដូច្នេះថា “នៅវេលាម៉ោងប្រមាណជា ៣៖៤១នាទីទាបភ្លឺ មានចោរលួចគោះទ្វារចូលយកម៉ូតូរបស់ប្អូន ព្រមទាំងម៉ូតូរបស់មិត្តភក្តិផ្សេងទៀតសរុបចំនួន ៤គ្រឿង ក្នុងនោះម៉ូតូរបស់និស្សិតខ្មែរឥស្លាមចំនួន ៣គ្រឿង និងម៉ូតូនិស្សិតខ្មែរចំនួន ១គ្រឿង ដែលស្នាក់នៅក្នុងអង្គការខាងលើជាមួយគ្នា”។

លោកបានបន្តថា ក្រោយចោរធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ ពួកគេបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ខណ្ឌទួលគោក ដែលនៅជិតកន្លែងស្នាក់នៅរបស់លោកដែរ ប៉ុន្តែប៉ូលីសហាក់ដូចជាមិនសូវអើពើសោះ ដោយពួកគេបង្ហាញទាំងកាមេរ៉ាសុវត្ថិភាពអំពីសកម្មភាពដែលចោរកំពុងកាច់ករលួចម៉ូតូថែមទៀតផង។

លោកបានបញ្ជាក់បន្ថែមថា ប៉ូលីសម្នាក់ដែលមកទទួលដាក់ពាក្យបណ្តឹងរបស់លោក មិនបាននិយាយអ្វីច្រើននោះទេ ក្រៅពីនិយាយថា”របស់យើងហើយ មិនចេះការពារទៀត តើឲ្យនរណាមកការពារជំនួសទៀត”។ មកដល់ថ្ងៃនេះទៅហើយ លោក ម៉ាត់ រំលី និយាយថាមិនទាន់ទទួលដំណឹងអ្វីពីសមត្ថកិច្ចឡើយ ហើយលោក ព្រមទាំងមិត្តភក្តិផ្សេងទៀត អំពាវនាវដល់សមត្ថកិច្ច សូមជួយស្វែងរកម៉ូតូដែលចោរលួចនោះផង៕ ដោយ៖ស្រុីប ឡានី

%d bloggers like this: