សប្បាយចិត្តពេកបើករថយន្តលឿនដូចហោះ ជ្រុលទៅបុកទ្វារហាងលក់ទំនិញ រថយន្តដាច់កង់២បង្កការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត PRIUS លឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរថយន្តដាច់កង់ រងការខូចខាតខ្ទេចយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ជិតស្តុបវិទ្យាល័យឥន្ទ្រទេវី សង្កាត់ភ្នំពេញថ្មី ណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពពត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-4464 បើកបរដោយបុរសម្នាក់ និងមានគ្នីគ្នា២ទៅ៣នាក់ទៀត ដែលរួមដំណើរជាមួយ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុករះទ្វារផ្ទះប្រជាពលរដ្ឋ ដែលមានស្លាកយីហោ «ហាងលក់វាំងនន និងគ្រឿងសង្ហារឹមបែបអឺរ៉ុបគ្រប់ប្រភេទ» បណ្ដាលឱ្យខ្ទេចទ្វារដែក និងទ្វារកញ្ចក់ខាងក្នុងខ្ទេចយ៉ាងដំណំ។

ចំណែកឯរថយន្តបង្កវិញខ្ទាតជាង៣០ម៉ែត្រ ដាច់កង់២រងការខូចខាតខ្ទេច មួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕



%d bloggers like this: