បុរសម្នាក់ជាកម្មកររត់ទូកដរហែលទឹកលេង បណ្តាលឲ្យលង់ស្លាប់នៅកំពង់ចម្លងព្រែកលៀប នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកំពង់ចម្លងព្រែកលៀប កោះដាច់ កោះឧញ៉ាតី ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា យុវជនជាកម្មកររត់ទូកដរព្រែកលៀបម្នាក់ ហែលទឹកលេងបានលង់ស្លាប់ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហឿន វង្ស អាយុ២១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល ។


មុនកើតហេតុយុវជនរងគ្រោះ និងមានមិត្តភក្តិ ៣នាក់ទៀតបានចុះងូតទឹកលេងនៅក្បែរទូកដរ ពេលកំពុងហែតទឹកលេង ជនរងគ្រោះ និងមិត្តភក្តិបានហែលទឹកមកដល់ច្រាំង ចំណែកជនរងគ្រោះបានហែលទឹកត្រឡប់ទៅទូកដរ វិញមិនដឹងជាមូលហេតុអ្វីជន រងគ្រោះក៏លេចទឹកបាត់រកសពមិនឃើញភ្លាមៗនោះមិត្តភក្តិ ដែលលេងទឹកជាមួយគ្នាបានមុជរាវរកសពជនរងគ្រោះដែរតែមិនឃើញ ។

បន្ទាប់ពីកើតហេតុម្ចាស់ទូកដរ និងបងប្អូនជនរងគ្រោះបានចេញទូកជួយរកសព និងបាន ជួលទូកចាមឲ្យមកចុះរាវរកសពនៅកន្លែងកើតហេតុរហូតមកដល់ម៉ោង១:៣០នាទីរសៀលថ្ងៃដដែល ទើបរាវរកសពជនរងគ្រោះឃើញនៅក្បែរកន្លែងកើតហេតុ ។ បន្ទាប់ពីរាវរកសពជនរងគ្រោះឃើញ សមត្ថកិច្ចបានគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

%d bloggers like this: