ជួយចែករំលែកបន្តផង ! ត្រឹម​តែ​ឆ្ពុង​​​ដោយ​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ៣​មុខ​នេះ ​ស្បែក​មុខ​នឹងស​ស្អាត ម៉ត់​រលោង​ និង​បាត់​មុន

ស្នាម​មុន​ដែល​នៅ​ជាប់​លើ​ផ្ទៃ​មុខ និង​ស្បែក​ស្រអាប់​គឺ​ជា​អ្វី​ដែល​នារី​ស្អប់​បំផុត រហូត​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​ ឬ​ឡេ​លាប។ បើ​អ្នក​កំពុង​ស្វែង​រក​វិធី​ដ៏​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ឈប់​បញ្ហា​លើ​ស្បែក​មុខ​ទាំង​នេះ អាច​ងាក​មក​សាក​ល្បង​វិធី​ឆ្ពុង​បែប​ធម្មជាតិ​ដោយ​ប្រើ​គ្រឿង​ផ្សំ​តែ​បី​ប៉ុណ្ណោះ គឺ​ស្លឹក​គ្រៃ ក្រូចឆ្មារ និង​អំបិល ធានា​ថា​នឹង​ទទួល​បាន​ស្បែក​មុខ​ដ៏​ស្រស់​ថ្លា ម៉ត់​រលោង និង​បំបាត់​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។


វិធី​ធ្វើ​៖
យក​​​ស្លឹក​គ្រៃ​​៦​គល់​មក​ពុះ​ពាក់​កណ្ដាល​ ចំណែក​ក្រូច​ឆ្មារ​ហាន់​ជា​ចំណិត​ស្ដើងៗ។
យក​ឆ្នាំង​ដាំ​ទឹក​២​លីត្រ​ឱ្យ​ពុះ រួច​ដាក់​ស្លឹក​គ្រៃ​ និង​ក្រូចឆ្មារ​ដែល​ហាន់​រួច​ចូល​ បង់​អំបិល​មួយ​ស្លាប​ព្រា​បាយកូរ​ឱ្យ​សព្វ។
ក្រោយ​ទឹក​ស្លឹក​គ្រៃ​ពុះ​ហើយ ចូរ​បន្ថយ​ភ្លើង​មក​តិចៗ​វិញ​រយៈពេល​៥​ទៅ​១០​នាទី​ ដើម្បី​រម្ងាស់​ឱ្យ​ចេញ​ប្រេង​ធម្មជាតិ​ពី​ស្លឹក​គ្រៃ និង​ក្រូចឆ្មារ។


វិធី​ប្រើ៖
វិធី​ទី​១៖ អាច​យក​ទឹក​នេះ​មក​ប្រើ​សម្រាប់​លាង​មុខ​ជា​មុន​សិន ដើម្បី​លាង​សម្អាត​ជាតិ​ពុល កោសិកា​ងាប់ៗ​​ដែល​នៅ​ជាប់​ស្បែក​មុខ និង​ដើម្បី​បើក​រន្ធ​ញើស​ឱ្យ​រីក​ធំ។
វិធី​ទី​២៖ បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច យក​ទឹក​ដែល​​ដាំ​ខាង​លើ​ដាក់​ឆ្នាំង​ដី ឬ​ក្នុង​ឆ្នាំង​ក្ដៅដាក់​លើ​តុ។ យក​កន្សែង​ធំ​មក​គ្រប​ជុំ​វិញ​មុខដោយ​ឱន​មុខ​នៅ​រក​ឆ្នាំង​ទឹក (យក​កន្សែង​គ្រប​ឱ្យ​ជិត កុំ​ឱ្យ​ចំហាយ​ទឹក​ចេញ​ក្រៅ​បាន)។ ពេល​កំពុង​​ទទួល​ចំហាយ​ឆ្ពុង ត្រូវ​ឱន​មុខ​ត្រឹម​២០ស.ម​ពី​ឆ្នាំង​ទឹក​បាន​ហើយ កុំ​ដាក់​ជិត​ ឬ​ឆ្ងាយ​ជាង​នេះ ហើយ​យក​ម្រាម​ដៃ​ម៉ាស្សា​ថ្នម​ៗ​លើ​ផ្ទៃ​មុខ ដោយ​រុញ​ជា​រង្វង់​ចុះ​ឡើងៗ ដើម្បី​ឱ្យ​ចំហាយ​ឆ្ពុង​ជ្រាប​ចូល​ស្បែក​មុខ​បាន​ល្អ។


សម្គាល់៖ ក្នុង​រយៈ​ពេល​ប្រើ​វិធី​ព្យាបាល​មុន​ដោយ​ឆ្ពុង​នេះ ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ ជូរ និង​របស់​ចៀន ហើយ​ងាក​មក​ញ៉ាំ​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​២ទៅ​២,៥០​លីត្រ​ក្នុង​មួយ​ថ្ងៃ៕

%d bloggers like this: