សូមគិតឡើងវិញ! កន្លែងកម្សាន្តភ្ញៀវទេសចរណ៍ទស្សនាមកគ្រប់ទិសទី បែរជាមានមនុស្សមួយចំនួនតូចគ្មានគិតអីសោះ បានសុីចុកហើយបោះចោល​ពាស​វាល​ពាស​កាល…

ការ​បោះ​ចោលសំរាមនៅ​តាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​កម្ពុជា មិន​មែន​ជា​រឿងថ្មី​ឬ​​ប្លែក​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា​​​បោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ​តាំង​ពី​យូរ​មក​ហើយ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​។ នៅ​​តំបន់​ទេសចរណ៍​សំខាន់​ៗមួយ​ចំនួន រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ក៏​មានការ​ចោល​សំរាម​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នានា ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។ ជាទូទៅ នៅ​តាម​តំបន់​ទេសចរណ៍ សំរាម​ដែល​គេ​តែង​តែប្រទះ​​ឃើញ​មាន​ជា​អាថិ៍​ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។

មែន​ទែន​ទៅ ការ​បោះ​ចោល​សំរាម​យ៉ាង​អាណាធិបតេយ្យ​នៅ​កម្ពុជា មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ​។ មតិ​មួយ​ចំនួន​មើល​ឃើញ​ថា ការ​ដែល​ប្រជាពលរដ្ឋ​និយម​បោះ​ចោល​សម្រាម​ពាស​វាល​ពាស​កាល មិន​ដាក់​ចូល​ក្នុង​ធុង​សម្រាម គឺ​បណ្ដាល​មក​ពី​ទម្លាប់​។ ជាក់​ស្ដែង នៅ​តាម​គ្រួសារ​មួយ​ចំនួន អាណាព្យាបាល​ឬ​ចាស់​ទុំ​ក្នុង​ផ្ទះ មិន​បាន​អប់រំ​កូន​ចៅ​​ឲ្យ​កើត​ជា​ទម្លាប់ស្រឡាញ់​បរិស្ថាន ដាក់​សំរាម​ចូល​ធុង ព្រោះ​យល់​ថា វា​ជា​បញ្ហា​សកល ដែល​មនុស្ស​គ្រប់​គ្នា​គួរ​យល់​ដឹង មិន​ចាំ​បាច់បង្ហាត់​បង្រៀន​អ្វី​ឡើយ​​។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត គឺ​មនុស្ស​ចាស់​តែ​ម្ដង ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ​។

ក្រៅ​តែ​ពី​គ្រួសារ​ដែល​ជា​សង្គម​តូច នៅ​ក្នុង​សង្គម​ធំ ពលរដ្ឋ​ក៏​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផង​ដែរ។ សាលារៀន គឺ​ជា​កន្លែង​ទី​២ ដែល​ត្រូវ​អប់រំ កុមារ យុវជន និង​ពលរដ្ឋ អោយ​បាន​យល់​ដឹង​អំពី​សំរាម​នេះ​។ កង្វះ​ការ​យល់​ដឹង​អំពី​បរិស្ថាន ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះ​ចោល​សំរាម​ និង​ការ​គ្រប់​គ្រង​សំរាម។ ពេល​ខ្លះ​ពួក​គេ​ត្អូញត្អែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​សំរាម ប៉ុន្តែ​ពួកគេ​មិន​ចូល​រួម​សំអាត ឬ​គ្រប់​គ្រង​សំរាម​អោយ​មាន​របៀប​រៀប​រយ​នោះ​ទេ។

ជា​ការ​ពិត ​ទម្លាប់គឺ​ជា​មូលហេតុ​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ចេះ​ចោល​សំរាម​ក្នុង​ធុង​។ ប៉ុន្តែ​កង្វះ​ធុង​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ជា​ហេតុផល​មួយ​ដែរ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​បោះ​ចោល​សំរាម​យ៉ាង​អាណាធិបតេយ្យ​​។ នៅ​ទី​ណា​គ្មាន​ធុង នៅ​ទី​នោះ​មាន​សំរាម​។ នេះ​គឺ​ជា​ការ​សង្កេត​ឃើញជា​​ទូទៅ នៅ​តាម​ទី​សាធារណៈ និង​រមនីយដ្ឋាន​សំខាន់​ៗ​មួយ​ចំនួន។

តើ​គេ​គួរ​បន្ទោស​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ នៅ​ពេល​ពួក​គាត់​​ចោល​សំរាម​ពាស​វាល​ពាស​កាល ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​សោភណ្ឌភាព​ទី​សាធារណៈ និង​រមនីយដ្ឋាន​? ជា​ការ​ពិត មួយ​ផ្នែក​គឺ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អាជ្ញាធរ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ដែរ​។ មុន​នឹង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​​ប្រជាពលរដ្ឋ​ជុំ​វិញ​បញ្ហា​ចោល​​សំរាម​ពាស​វាល​ពាស​កាល អាជ្ញាធរ​ត្រូវ​ចាត់​ចែង​រៀបចំ​ធុង​សំរាម​​សម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​ជា​មុន​សិន​។ ដរាប​ណា​ទី​សាធារណៈ​នៅ​កម្ពុជា​មិន​ទាន់​មាន​ធុង​សំរាម​គ្រប់​គ្រាន់​តាម​តម្រូវ​ការ បញ្ហា​ចោល​សំរាម​អាណាធិបតេយ្យ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​ប្រជាពលរដ្ឋ​​ឡើយ​។ អាជ្ញាធរ​ក៏​ត្រូវ​ចូល​រួម​​ទទួល​ខុស​ត្រូវនៅ​ក្នុង​បញ្ហា​នេះ​​ផង​ដែរ។

ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ណាស់ ទាំង​សម្រាប់​​គ្រួសារ​និង​សង្គម​ជាតិ​។ សម្រាប់​​គ្រួសារ វា​ជាការ​បង្ហាញ​ពី​របៀប ឬ​ទម្លាប់​មិនល្អ​នៃ​ការរស់នៅ​​​ទាក់ទង​នឹង​បរិស្ថា​ន និង​អនាម័យ​។ លើស​ពី​នេះ វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​កើត​ជំងឺ​ផ្សេងៗ ដូចជា​កម រមាស់ និង​បញ្ហា​ផ្លូវដង្ហើម​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​សង្គម​ជាតិ​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យបាត់​បង់​សោភ័ណភាពទី​សាធារណៈ​និង​រមនីយដ្ឋាន​​​​​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ពីកម្សោយ​របស់​អាជ្ញាធរ ក្នុង​ការ​គ្រប់​គ្រង​សំរាម​ផង​ដែរ​។

ការ​កម្ចាត់​​សំរាមនៅ​តាម​ទីសាធារណៈ គឺ​ជា​ដំណើរការ​ដ៏​វែង​ឆ្ងាយ​មួយ ដែល​ត្រូវ​ការ​ពេល​វេលា និង​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​។ ក្នុង​នោះ ប្រជាពលរដ្ឋ​ត្រូវ​បង្កើត​ទម្លាប់​ស្រឡាញ់​អនាម័យ តាម​រយៈ​ការ​បោះ​ចោល​សំរាម​នៅ​ក្នុង​ធុង​​ឲ្យ​បាន​ត្រឹម​ត្រូវ​។ គ្រួសារ និង​ស្ថាប័ន​អប់រំ ក៏​ត្រូវ​រួម​ចំណែក​បង្កើត​ទម្លាប់​នេះ​ដែរ​។ ដោយ​ឡែក អាជ្ញាធរ​មូលដ្ឋាន​ជា​ពិសេស ត្រូវ​បន្ត​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​បរិមាណ​ធុង​សំរាម​ឲ្យ​បាន​គ្រប់​គ្រាន់​ តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។

បើ​មើល​មួយ​ភ្លែត​ទៅ ការ​ចោល​សំរាមនៅ​តាម​ទី​សាធារណៈ​គឺ​ជា​រឿង​ដ៏​តូចតាចមួយ​។ ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង ពលរដ្ឋ​ធម្មតា និង​អាជ្ញាធរ។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង ។

%d bloggers like this: