ខ្លោចចិត្តណាស់ ! នារីម្នាក់ជូនម្តាយទៅពេទ្យ តែអកុសលមិនទាន់បានដល់ពេទ្យផង ស្រាប់តែដាច់ខ្យល់ស្លាប់បាត់ ឯម្ចាស់កង់បីក៍ដាច់ធម៏មេត្តាទៀតឈប់ទម្លាក់សព្វនៅកណ្តាលផ្លូវ ហើយបើកគេចបាត់…

ភ្នំពេញ៖ ស្ត្រីម្នាក់នៅពេលមានអាការមិនស្រួលខ្លួន ត្រូវបានកូនស្រីជួលម៉ូតូកង់បីឥណ្ឌា ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល តែអកុសល បានពាក់កណ្តាលផ្លូវ ស្រាប់តែអាការធ្វើទុក្ខកាន់តែខ្លាំង បណ្តាលឲ្យស្រ្តីរូបនេះដាច់ខ្យល់ស្លាប់ ធ្វើឲ្យកូនស្រីរន្ធត់ចិត្តស្រែកទ្រហោយំជាពន់ពេក ស្រាប់តែពេលនោះ ម្ចាស់ម៉ូតូកង់បីចិត្តខ្មៅខ្លាចមានរឿងដល់ខ្លួន ក៏ឈប់ទម្លាក់សពស្រ្តីរងគ្រោះចោលតាមផ្លូវ ហើយបើកគេចបាត់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នៅ តាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ស្រ្តីរងគ្រោះដែលស្លាប់ពេលកូនស្រីជូនទៅមន្ទីរពេទ្យ ហើយត្រូវម្ចាស់ម៉ូតូកង់បីដាច់ធម៌មេត្តាទម្លាក់សពចោលនៅពាក់កណ្តាលផ្លូវនេះ មានឈ្មោះហន ពិសី អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

កូនស្រីជនរងគ្រោះ បានយំរៀបរាប់ទាំងក្តុកក្តួលឲ្យដឹងថា មុនកើតហេតុ ម្តាយនាងមានអាការមិនស្រួល (គាត់មានជំងឺហឺតប្រចាំកាយ ចេះតែថប់ដង្ហើម) ពេលនោះនាងបានហៅកង់បីឥណ្ឌា មកដឹកម្តាយបំណងទៅមន្ទីរពេទ្យព្យាបាលជំងឺ ខណ:មកដល់ស្តុបផ្សារដីហ៊ុយ អាការជំងឺម្តាយនាងកាន់តែធ្វើទុក្ខខ្លាំងឡើង រហូតម្តាយនាងទ្រាំលែងបាន ក៏ដាច់ខ្យល់ស្លាប់លើកង់បីតែម្ដង។ ពេលនោះ អ្នកបើកកង់បី ភ័យក៏ទម្លាក់ម្តាយនាង តាមដងផ្លូវហើយអ្នកបើកកង់បី បានបើកគេចបាត់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសពស្រ្តីរងគ្រោះ និងបញ្ជាក់ថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយមែន ហើយសាច់ញាតិឯកភាពសុំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

%d bloggers like this: