ព្រៃផ្សៃណាស់ ! គ្រាន់តែសួររឿងរោទ៍ម៉ូតូ ជនដៃដល់លើកគ្នាមកបាញ់ប្រហារ និងកាប់ចិញ្ច្រាំក្បាលជនរងគ្រោះ

ភ្នំពេញ ៖ ជនទំនើងក្រុមបានបើកម៉ូតូមករោទ៍បំពងសំឡេងម៉ូតូខ្លាំងៗ ពេលនោះ មានបុរសម្នាក់បានទៅសួរនាំ ស្រាប់តែជនទំនើងនោះ ផ្ទុះកំហឹង បានទៅហៅគ្នីគ្នា ខ្លះមានកាំភ្លើង ខ្លះមានកាំបិត មកបាញ់ប្រហារច្រើនគ្រាប់ រួចនាំគ្នាវាយ និងកាប់ចិញ្ច្រាំក្បាលជនរងគ្រោះ រហូតរងរបួសធ្ងន់សន្លប់ស្តូកក្នុងថ្លុកឈាមគួរឲ្យសង្វេគពេកក្រៃ។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វង់មូលនាងទេពមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។


មិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេកំពុងតែអង្គុយផឹកស៊ី នៅលើខឿនជាប់ផ្លូវជិតនឹងរង្វង់មូលគ្រុឌ ដោយមានគ្នាចំនួន៤ទៅ៥នាក់ ស្រាប់តែលេចមុខជនបង្កខាងលើបានជិះម៉ូតូធំ ១គ្រឿង មិនចាំម៉ាកបានជិះមកក្បែរកន្លែងផឹកស៊ី ហើយបានរោទ៍សំឡេងម៉ូតូជាច្រើនលើកច្រើនសា ហើយបុរសដែលជាអ្នកបើកម៉ូតូនោះ ក៏ជាមនុស្សស្គាល់គ្នាផងដែរ ។ ពេលនោះ ជនរងគ្រោះ បានដើរទៅសួរថាមានបញ្ហាអ្វីបានចេះតែរោទ៍ម៉ូតូអីចឹង?។ ហើយពេលនោះជនបង្កមិនបានតបតនោះទេ ថែមទាំងបើកម៉ូតូចេញធម្មតា។

ប្រភពបន្តថា មួយសម្ទុះក្រោយមក ស្រាប់តែឃើញជនបង្កបានជិះមកកន្លែងកើតហេតុ មានគ្នា៤នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្ម និងម្នាក់ទៀតកាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យផ្អើល ភ្លាមៗជនរងគ្រោះបានរត់គេចខ្លួន តែក៏ត្រូវបុរសកាន់ដុំថ្មគប់ចំក្បាលពេញមួយទំហឹង បណ្ដាលឲ្យដួល ក៏ត្រូវបុរសម្នាក់កាន់កាំបិតបានកាប់ ទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យបែកហូរឈាមស្រោចខ្លួន រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង។


បន្ទាប់មកក្រុមជនបង្ក បាននាំគ្នារត់ឡើងជិះម៉ូតូជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ដិដឹក តាមម៉ូតូយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងប្រមូលសំបកគ្រាប់កាំភ្លើង និងដឹកមិត្តភក្ដិជនរងគ្រោះ ដែលស្ថិតក្នុងហេតុការណ៍ខាងលើទៅសួរនាំបន្ត និងដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីស្វែងរកចាប់ជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់


%d bloggers like this: