បងប្អូនគួរពិចារណាឡើងវិញ ! សូមបញ្ឈប់ជាបន្ទាន់រឿងមកផឹកស៊ីបើក speakerតម្លង់ពេញប្រាសាទអង្គរធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់ជំនឿ……

ជាការពិតរមណីយដ្ឋានអង្គរ ជាទីកន្លែងដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។ ជាពិសេសគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញសុទ្ធតែជាទីសក្ការៈបូជា ហើយប្រជាជនកម្ពុជាតែងតែមានមោទកភាពចំពោះប្រាង្គប្រាសាទបុរាណខ្មែរ។


ប៉ុន្តែបច្ចុប្បន្ននេះ បែរជាបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃប្រាសាទអង្គរដូចតាមការលើកឡើង ដោយនាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះថែមទាំងមានសម្រាមដែលសេសសល់ពីការផឹកស៊ីរបស់បងប្អូនមួយចំនួន សឹងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់បាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា។


ការចូលរួមរបស់បងប្អូនជនរួមជាតិក្នុងការលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាពដោយប្រយោល ដោយមិនពិសារអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ  មិននាំយកឧបករណ៍បំពងសម្លេងបើកតម្លង់ពេញ ប្រាសាទអង្គរ និងមិនបោះសំរាមចោលផ្តេសផ្តាស ជុំវិញបរិវេណប្រាសាទអង្គរ ពិសេសគោរពទៅតាមក្រមប្រតិបត្តិអង្គរ នោះគឺជាការគោរពចំពោះស្នាដៃដូនតាយើង និងចូលរូមអភិរក្សមួយផ្នែកធំរួចទៅហើយ ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរយើង។ សូមឱ្យប្រាសាទអង្គរនៅតែជាទីអច្ឆរិយៈជារៀងរហូត!រូបភាព៖ លោក ហាប់ គឺមអាន / លោក រឿម ផល្លា


%d bloggers like this: