(មានវីដេអូ) ជួយស៊ែររកយុត្តិធម៏ឲ្យពួកគាត់ផង ! អាជ្ញាធរ​យួន​ ​ឈូស​ឆាយ​ដីស្រែ​ចម្ការ​ពលរដ្ឋខ្មែរក្រោម​ ដោយមិនផ្តល់សំណងអ្វីទាំងអស់

ប្រជាពលរដ្ឋខ្មែរក្រោមប្រមាណ ២០ គ្រួសារ ដែលរស់នៅជាប់របងវត្តនាគវនារាម (ខ្ទឹង) ស្ថិតនៅភូមិប្រាសាទ ឃុំសំរោង ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បច្ចុប្បន្នជាសង្កាត់ទី ៧ ទីក្រុងព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម ដែលសព្វថ្ងៃគ្រប់គ្រងដោយប្រទេសវៀតណាម នៅថ្ងៃទី ១១ ខែកក្កដា ២០១៩ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះស្រាយបញ្ហាដីធ្លី ដែលរងការខូចខាតពីគម្រោងសាងសង់អគារសុខាភិបាលថ្មី នៃសមន្ទីរពេទ្យពហុព្យាបាលមជ្ឈិម ។ ករណីនេះ ពលរដ្ឋខ្មែរក្រោមអះអាងថា រដ្ឋាភិបាលវៀតណាម មិនបានដោះស្រាយជូនពួកគាត់ ដែលរងផលប៉ះពាល់ឡើយ មុនពេលចាប់ផ្ដើមអនុវត្ដន៍គម្រោងនេះ ។


ការតវ៉ារបស់តំណាងប្រជាពលរដ្ឋខខ្មែរក្រោម ធ្វើឡើងតាមរយៈវីដេអូឃ្លិប បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១១ ម្សិលមិញនេះ ក្រោយពីអាជ្ញាធរមូលដ្ឋាន ធ្វើសកម្មភាពចាក់ដី និងបូមខ្សាច់លប់ដីស្រែចំការ ព្រមទាំងយកគ្រឿងចក្រមកឈូសកំទេចផលដំណាំស្រូវរបស់ពួកគេផង ។ បន្ថែមពីលើនេះ អាជ្ញាធរយួន ក៏បានចុះទៅដកបង្គោលកំណត់ព្រំដីរបស់ពួកគេ និងដកបដារតវ៉ាដាក់ជាអក្សរខ្មែរថា «សូមរដ្ឋាភិបាលវៀតណាម ដោះស្រាយដីធ្លីឲ្យយើងខ្ញុំ» និង «ដីប្រឡាយមិនទាន់ដោះស្រាយ កុំអាលធ្វើ» ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើសុំឲ្យថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ជួយអន្តរាគមន៍ដោះស្រាយឲ្យបានសមស្រប ។


គួរជម្រាបជូនថា គម្រោងសាងសង់មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមថ្មី នៅខេត្តព្រះត្រពាំងនេះ ត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីវៀតណាម កាលពីឆ្នាំ ២០១៧ ។ មន្ទីរពេទ្យនេះ បានចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០១៩ និងគ្រោងបើកដំណើរការនៅឆ្នាំ ២០២០ ដោយត្រូវចំណាយថវិកាក្នុងការសាងសង់នេះ ចំនួន ១.៦០០ ពាន់លានដុង លើផ្ទៃដីទំហំ ៨,៩ ហិកតា មាន ៩ ជាន់ និងមានចំនួន ៧០០ គ្រែ ៕ អត្ថបទៈ ស៊ឺន ចែងចើន


%d bloggers like this: