ផ្គើនមែន! ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើសកម្មភាពកាប់ឈើខុសច្បាប់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈប៉េអឹមស្វែងរកដុតឡានដឹកឈើ

(ខេត្តមណ្ឌលគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា បានចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើ សកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅគីឡូម៉ែត្រលេខ ១៥៧ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

ជនសង្ស័យទាំង០៥នាក់ ដែលបានឃាត់ខ្លួននោះ៖ ទី១/ឈ្មោះ ង្វៀង ហ៊ងណាម អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី២/ឈ្មោះ ង្វៀង ចុងទូ អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម, ទី៣/ឈ្មោះ ធែល ចន្ធី អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី៤/ឈ្មោះ ថាន អូន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៥/ឈ្មោះ រឿង ពេជ្រ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចដកហូតបាន រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង, រថយន្តម៉ាកកាមរីហើម ពណ៌ស ស្លាកលេខភ្នំពេញ2C-7802 ចំនួន០១គ្រឿង, ម៉ាស៊ីនរណាយន្តម៉ាកស្ទីល០៣៨ ពណ៌ក្រហមចំនួន ០២គ្រឿង និងម៉ូតូម៉ាក Honda Dream ពណ៌ព្រីងទុំ ចំនួន០១គ្រឿង៕

%d bloggers like this: