សូមសប្បុរសជនជួយលោកយាយផង ! ផ្ទះលោកយាយវ័យ ៧៩ឆ្នាំ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ដោយសារដុតភ្លើងធូប……

(ស្វាយរៀង)៖ ពិតគួរឲ្យអាណិតណាស់! លោកយាយចាស់ជរាម្នាក់ រស់នៅជាមួយចៅពីរនាក់តូចៗ ត្រូវបានភ្លើងអគ្គិភ័យលេបត្របាក់ផ្ទះខ្ទមកំសត់គ្មានសល់ ខណៈដែលគាត់មិននៅផ្ទះ កាលពីវេលាម៉ោងម៉ោង៥៖១០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

លោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ឃុំ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា៖ មានករណីភ្លើងឆេះផ្ទះលោកយាយ សំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូចពីរនាក់ រស់នៅភូមិ ឃុំខាងលើ។ ផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះមានទំហំ ៤×៥m ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) សម្ភារខូចខាតរួមមាន៖ កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារមួយចំនួនទៀត បានឆេះអស់ទាំងស្រុង។ ស​ម្រាប់មូលហេតុវិញ បណ្តាលមកពីដុតធូប និងដុតចង្កៀងចោល។


លោកស្រី ពេជ្រ ស្រីមុំ ដែលត្រូវបានពលរដ្ឋក្នុងឃុំ គោរពស្រឡាញ់គាត់ស្ទើរតែគ្រប់គ្នា បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុតែម្តង និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រីខ្លាំង រស់នៅជាមួយចៅពីរនាក់ទៀត។ លោកស្រីក៏សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស សូមមេត្តាជួយដល់លោកយាយផង នាគ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះដែលកំពុងរស់នៅ។ ប្រភពពីលោកយាយផ្ទាល់ បានបញ្ជាក់ថា នៅយប់មិញបានពន្លត់ភ្លើង ធូប និងចង្កៀនអស់ហើយចុះមូលហេតុអីមានភ្លើងឆេះទៀត សង្ស័យមានគេលួចដុតផ្ទះគាត់ និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះផង៕ ប្រភពអត្ថបទ៖ freshnews



%d bloggers like this: