កំពុងតែសប្បាយ ស្រាប់​តែ​ជាន់ជើង​គ្នា​ផ្អើល​ពេញវត្ត​

ខេត្តពោធិ៍សាត់​៖ ក្មេង​ស្ទាវ​២​ក្រុម​ប្រដាប់​ដោយ ដាវ កាំបិត និង​ដំបង បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ផ្អើល​ពេញ​វត្ត ក្នុង​ពិធី​រាំ​ធុងបាស​កំដ​រវេ​ណ​កាន់បិណ្ឌ​ទី​៧​។ ករណី​នេះ​បាន​កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត​អន្លង់​រាប ស្ថិត​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​១ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​យប់​។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​និង​នគរបាល​ស្រុក​វាល​វែង​បាន​ចុះ​ទៅ​បង្ក្រាប ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ក្នុង​ចំណោម​ជិត​២០​នាក់ ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​មួយ​ផង​ដែរ​។

អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​បាន​រួម​មាន ១-​ឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ផ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ សូត្រ ណុ​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នោះ មាន​ពិធីសូត្រមន្ដ​ពី​ល្ងាច​សម្រាប់​វេ​ណ​កាន់បិណ្ឌ​ទី​៧​ស្អែក ដោយ​មាន​ដាក់​ធុងបាស​រាំ​កំសាន្ត​ផង​។

លុះ​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ពេល​កំពុង​រាំ​លេង​សប្បាយ​រីករាយ ស្រាប់តែ​មាន​ក្មេង​ទំនើង​២​ក្រុម​រាំ​ជាន់​ជើង​គ្នា បង្ក​ជា​ទំនាស់​រហូត​ទាញ​ដាវ កាំបិត និង​ដំបង​ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​វត្ត ប៉ុន្តែ​ពុំ​មាន​ភាគី​ណា​ម្នាក់​រង​របួស​ស្នាម​នោះ​ទេ​។

ពេល​ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្លង់​រាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វាល​វែង បាន​ចេញ​អន្តរាគមន៍​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​៣​នាក់​ខាងលើ​នេះ ឯ​បក្ខពួក​មួយ​ចំនួន​ទៀត​រត់គេច​ខ្លួន​បាត់​អស់​។

ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​មួយ​ផង​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​ដើម្បី​សួរនាំ​បន្ត​៕

%d bloggers like this: