ហួសចិត្ត! ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះដែលត្រូវគេចាប់រំលោភ បានរត់ទៅពឹងពាក់សមត្ថកិច្ចជួយអន្តរាគមន៍រកយុតិ្តធម៌ បែរជាប៉ូលិសមិនទទួលពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះទៅវិញព្រោះតែ…

ខេត្តសៀមរាប៖ ក្មេងស្រីក្រីក្រ២នាក់បងប្អូន ម្នាក់មានអាយុ៨ឆ្នាំ និងម្នាក់ទៀតទើបតែអាយុ៥ឆ្នាំ ត្រូវកូនអ្នកមានម្នាក់ចាប់រំលោភសេពសន្ថវៈ ហើយឪពុកជនល្មើសបំណងឲ្យលុយចំនួន១០០ដុល្លារឲ្យក្រុមគ្រួសារក្មេងស្រីរងគ្រោះ ថែមទាំងជំរុញឲ្យទៅប្តឹងទៀត បើមិនសុខចិត្ត ។ ប៉ុន្តែរឿងដែលហួសចិត្ត និងឈឺចាប់បំផុតនោះ នៅពេលស្រ្តីជាម្តាយក្មេងស្រីរងគ្រោះរត់ទៅពឹងពាក់សមត្ថកិច្ចជួយអន្តរាគមន៍រកយុតិ្តធម៌ បែរជាប៉ូលិសមិនទទួលពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះទៅវិញ។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ថវៈ បានបង្ហោះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថា «ពិតជាឈឺចាប់បំផុត ហេតុតែខ្លួនក្រ សូម្បីតែខ្ទមសឹងមិនមាននៅផង ម្តាយដើរបេះត្រកួនលក់ ឯឪពុកជាកម្មករនៅតាមបេនឡាន កូនស្រី២នាក់បងប្អូនម្នាក់ អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវកូនអ្នកមានលុយ អាយុ១១ឆ្នាំរំលោភ។

ហើយជនល្មើសបានគំរាមអោយលុយ១០ម៉ឺនរៀល ជនរងគ្រោះមិនព្រមក៏សុខចិត្តអោយ ២០ម៉ឺនរៀល តែជនរងគ្រោះនៅតែមិនសុខចិត្ត ក៏គំរាមថា អោយ១០០ដុល្លារ បើមិនយកទៅប្តឹងអ្នកណា ក៏ទៅៗ។ អនិច្ចាជីវិតអ្នកក្រ ម្តាយនិងឪពុក ទៅប្តឹងប៉ូលិស ក៏គេមិនទទួលដោយយកលេសថា ជនល្មើសនៅតូច អាយុ១១ឆ្នាំ មិនដឹងយកទៅណា ម្តាយរត់ឆ្លេឆ្លាតែគ្មានអ្នកជួយ។សូមជំរាបថាករណីរំលោភនេះកើតតាំងពីថ្ងៃទី១៤ ខែមិថុនា តែម្តាយរកអ្នកជួយមិនបាន ទើបតែជួបប្អូនស្រីចិត្តធម៌ម្នាក់ គាត់ក៏តេមករកនាងខ្ញុំ ភ្លាមៗបុគ្គលិកអង្គការ ក៏ចុះជួបថ្ងៃនេះភ្លាម បានជួបជនរងគ្រោះហើយ។

នេះជាព័ត៌មានបឋម នាងខ្ញុំនឹងធ្វើការសាវជ្រាវថាតើលោកអ្នកមានណា ដែលកូនរំលោភគេហើយ គំរាមគេទៀតនោះ ហើយប៉ូលិសណាដែលសមគំនិត ព្រោះថាខ្ញុំពិតជាមិនដែលជួបទេធ្លាប់តែធ្វើការជាមួយប៉ូលិសដែលល្អ ជួយជនរងគ្រោះដោយមិនខ្លាចនឿយហត់ ពិបាកនឹងជឿមែន ដែលនៅមានជនបែបនេះ។ ករណីនេះ នៅខេត្តសៀមរាប ហើយជាខេត្តដែលឯកឧត្តមអភិបាលខេត្ត យកចិត្តទុកដាក់បំផុត ចំពោះករណីរំលោភបំពានលើកុមារ និងស្ត្រី បញ្ជាក់នេះជាព័ត៌មានបឋម បានមកពីគ្រួសារជនរងគ្រោះ»៕

 

%d bloggers like this: