គិត​ត្រឹម​ម៉ោង​១២​រសៀល​ថ្ងៃនេះ សប្បុរសជន​ចូល​ថវិកា​បាន​ចំនួន…….

គិត​មក​ដល់​ម៉ោង​១២​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា ថវិកា​ដែល​បាន​មក​ពី​វិភាគទាន​របស់​សប្បុរសជន​ចំនួន 2,198,40​0 ដុល្លារ​អា​មេ​រិ​ក ត្រូវ​បែងចែក​បាន​ឧបត្ថម្ភ​ជូន​អ្នក​របួស​សម្រាប់​២៤​នាក់ ក្នុង​ម្នាក់​ៗ ១​ម៉ឺន​ដុល្លារ រីឯ​២​នាក់​ទៀត ដែល​ស្ថិត​ក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង ដែល​នៅ​រស់រាន​មានជីវិត​ត្​រូវ​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ និង​សម្រាប់​អ្នក​ស្លាប់​ចំនួន២៨​នាក់ ដែល​ក្នុង​មួយ​នាក់ ​ទទួល​ចំនួន 67,800​ដុល្លារ ​នេះមិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបាល​១​ម៉ឺន​ដុល្លារ ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​១​ថ្ងៃក្រោយ​ថ្ងៃ​កើតហេតុ​ផង​ទេ ។តាម​រយៈហ្វេសប៊ុកផេ​កផ្លូវការរបស់សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​សារ​យ៉ាង​ដូច្នេះ​ថា ​៖ «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​! ក្នុង​ហេតុ​ការ​បាក់​អាគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជាទី​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់ របួស​២៦​នាក់ ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការៈ និង​ជំនួយ​ឧ​ប​ត្ថ​ម​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហម​ក​ម្ព​ជា​។ ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុ​ជន​ជួយ​ឧបត្ថម្ភ​បន្ថែម ដែល​មក​ដល់​ម៉ោង​១២ ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លារ ចំនួន​២,១៩៨,៤០០​ ដុល្លារ​អា​មេ​រិ​ក ​។

ថវិកា​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ជូន​អ្នក​របួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ សម្រាប់​២៤​នាក់ ឯ​២​នាក់​ទៀត​ ដែល​ស្ថិត​ក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង ដែល​នៅ​រស់រាន​មានជីវិត ដោយសារ​ការ​ជួយ​ស​ង្គ្រោះ​ត្រូវ​បាន​ឧបត្ថម្ភ ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​ ។ សរុប​អ្នក​របួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លារ ​។
ថវិកា​នៅ​សល់​១,៨៩៨,៤០០​ដុល្លារ ត្រូវ​បែងចែក​ស្មើ​ៗ​គ្នា សម្រាប់​អ្នក​ស្លាប់​ចំនួន​២៨​នាក់ ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​៦៧,៨០០​ដុល្លារ​នេះ មិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបា​ល​១​ម៉ឺន​ដុល្លារ ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​មួយ​ចំនួន ក្រោយ​១​ថ្ងៃ នៃ​ថ្ងៃ​កើតហេតុ​ផង​ទេ​។

លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់ខ្ញុំ នឹង​រៀបចំ​ជូន​ក្រុម​គ្រួសារ​​សព​តាម​រយៈ​ធានា​គារ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុម​គ្រួសារ​សព​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់ ដែល​​បាន​ជួយ​ជា​ថវិកា សម្រាប់​ជន​រង​គ្រោះ​ទាំ​ង​អ្នក​ស្លាប់​ទាំង​អ្នក​របួស ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។
ជា​ថ្មី​ម្តងទៀត​សូម​អរគុណ និង​កោត​ស​សើរ​ចំពោះ​កម្លាំង ដែល​បាន​ចូលរួម​ជួយ​រុករក និង​ជួយ​សង្គ្រោះ​ដែល​បាន​បង្ហាញ​នូវ​ការ​ទទួលខុសត្រូវ ផ្តល់​នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជន​រង​គ្រោះ ក្នុង​ឋានៈ​ជា​ជន​រួ​ម​ឈាម​ដូច​គ្នា​។ សូម​អរគុណ​ផង​ដែរ ដល់​កម្មករ និង​អ្នកបច្ចេកទេស​ចិន ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ តាំងពី​ការ​ចាប់ផ្តើម​រហូត ដល់​ការងារ​ត្រូវ​បាន​បញ្ចប់​។ ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​» ។

សូម​ជម្រាប​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ប្រតិបត្តិការ​រុករក​ជន​រង​​គ្រោះ ក្នុង​ឧបទ្ទវហេតុរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​បិទ​បញ្ចប់​ហើយ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់​ពី​បើក​ប្រតិ​បត្តិការ​រុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​។ តុល្យការ​ចុង​ក្រោយ ជន​រង​គ្រោះ​ដែល​ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​យក​ចេញពី​គំនរ​អគារ​បាក់បែក មាន​ចំនួន​សរុប​ចំនួន​៥៤​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​២៨​នាក់ (​ស្រី​០៤​នាក់​) និង​រង​របួស​ចំនួន​២៦​នាក់ (​ស្រី​០២​នាក់​) ៕

%d bloggers like this: