មានតែក្រុមហ៊ុនយក្សពីរគត់លើលោក ដែលមានទ្រព្យសរុប ១ទ្រីលានដុល្លារអាមេរិក

នេះមិនមែនជារឿងថ្មីទេ ដែលក្រុមហ៊ុនលំដាប់ពិភពលោកនេះមានតម្លៃទីផ្សាររហូតដល់ ១ទ្រីលានដុល្លារអាមេរិក ដែលមិនមានក្រុមហ៊ុនណាមានទ្រព្យច្រើនដូចនេះណាស់។ ថ្ងៃនេះ យើងសូមបង្ហាញអ្នកទាំងអស់គ្នានូវក្រុមហ៊ុនយក្សចំនួនពីរលើលោក ដែលមានទ្រព្យមហិមារដូចខាងក្រោមនេះ៖

១) ក្រុមហ៊ុនយក្ស Apple

ហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើងកាលពីខែសីហាជាមួយនឹងតម្លៃ ២០៧,០៥ដុល្លារអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុនអាមេរិកមួយនេះ មានតម្លៃនៅលើទីផ្សាររហូតដល់ទៅ១ទ្រីលាន (១,០០០,០០០,០០០,០០០ ឬ១សែនកោដិ) ដុល្លារអាមេរិក។

ទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Apple

ដូចជាការរំពឹងទុករបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ Wall Street ភាគហ៊ុនរបស់ Apple បានកើនឡើងនៅត្រីមាសទីពីរ។ កាលពីខែសីហា តម្លៃភាគហ៊ុនបានកើនឡើង៣ភាគរយ ដែលនាំឲ្យហ៊ុនឈានដល់ ២០៧,០៥ដុល្លារអាមេរិក។

ក្រុមហ៊ុន Apple ទាំងមូលមាន ៤ ៨២៩ ៩២៦ ០០០ហ៊ុន ដូចតម្លៃហ៊ុនឡើងដល់ ២០៧,០៥ដុល្លារ មានន័យថា ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ មានតម្លៃរហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក។

ក្រៅពីផលិតផល iPhone ដ៏លេចធ្លោ ក្រុមហ៊ុន Apple មានផលិតផលដ៏សម្បូរបែបផ្សេងទៀតជាប្រភេទ ច្រើនម៉ូដែល ជាពិសេស iPad និង Apple Watch ជាដើម។ បន្ថែមពីលើនេះ សេវាកម្ម Apple ដូចជា App Store និង Apple Music ក៏ជាប្រភពចំណូលដ៏ធំផងដែរ។

លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple

ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដូចជា Microsoft និង Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google មិនអាចយកប្រៀបលើ Apple បាននោះឡើយ។

២) ក្រុមហ៊ុនយក្ស Amazon

ក្រុមហ៊ុន Amazon

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Amazon បានឈានដល់១លានលានដុល្លារអាមេរិកហើយ ដូចនេះបានធ្វើឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធើណេតមួយនេះ ក្លាយជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មឯកជនទី២ របស់សហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់១លានលានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Apple, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង កាលពីខែកញ្ញាកន្លងទៅ។

មហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon

ភាគហ៊ុននៃក្រុមហ៊ុន Amazon បានកើនឡើងជិត២ភាគរយ រហូតដល់កម្រិតខ្ពស់ គឺមួយភាគហ៊ុន មានតម្លៃ២,០៥០.៥០ដុល្លារអាមេរិក នៅក្នុងការជួញដូរ នាព្រឹកនេះ។ ភាគហ៊ុន ត្រូវការតែតម្លៃ២,០៥០.២៧ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយភាគហ៊ុន ដើម្បីឈានដល់តម្លៃទីផ្សារ ១លានលានដុល្លារអាមេរិក ដោយផ្អែកលើភាគហ៊ុនចំនួន៤៨៧,៧៤១,១៨៩។

ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង៧០ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ ហើយបានកើនឡើងជាងទ្វេរដង នៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ៕

%d bloggers like this: